Pages

Friday, August 20, 2010

នាងលក់ខ្លួនដើម្បីសប្បាយម្តងម្កាលតែប៉ុណ្ណោះ

ស្ថិតក្នុងសម្លៀកបំពាក់បែប សិចស៊ី សំពត់មីនីខើចលើជង្គង់ ពាក់អាវសាច់ក្រណាត់ស្តើងៗ វាលក្លៀកបញ្ចេញសាច់ សខ្ចីពាក់ ក្រវិលជ័រធំៗជាមួយនឹងម៉ូតូម៉ាកហ៊្វីណូ ដែលគួរឱ្យទាក់ទាញដល់
បុរសៗទាំងឡាយ ដែលបានឃើញនាង រំដួល អាចចាត់ទុកថា
ជាក្មេងស្រីអនីតិជនម្នាក់ដែលមិនទាន់គ្រប់អាយុដប់
ប្រាំបីឆ្នាំផង បច្ចុប្បន្ននាងកំពុងសិក្សាថ្នាក់ទី ១១ នៃវិទ្យាល័យមួយ
ក្នុងទីក្រុងភ្នំពេញ នាងជាកូនចៅក្នុងត្រកូលគ្រួសារមន្ត្រីរាជការដែល
មានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយការ លក់ខ្លួនរបស់នាងគឺដើម្បីយកប្រាក់ទៅសប្បាយម្តងម្កាលតែប៉ុណ្ណោះ មិនជាញឹកញាប់នោះទេ  រំដួល មានមិត្តភក្តិក្មេងស្រី សិស្សដូចគ្នាចំនួនប្រាំនាក់ទៀតដែលរកស៊ីលក់ខ្លួនដូចជារូបនាងដែរ ពួកគេសុទ្ធ តែមានខ្សែបណ្តាញរបស់គេសម្រាប់ទាក់ទង ហើយសម្រាប់តែម៉ូយពិសេសៗប៉ុណ្ណោះ
ចូលដល់ឆ្នាំនេះ រំដួលមានអាយុទើបតែដប់ប្រាំពីរឆ្នាំប៉ុណ្ណោះ នាងចាប់ផ្តើមលក់ខ្លួន លើកទីមួយកាលពីចុង ខែមករា ដើមឆ្នាំ ២០១០ នេះ តាមពិតទៅរំដួលជាឈ្មោះដែល អ្នកនិពន្ធដាក់ឱ្យហើយ អ្វីដែលរូបនាងបានប្រព្រឹត្ត នាពេលកន្លងមករហូត ដល់ពេលនេះ នាងមានការលាក់បាំងយ៉ាងសម្ងាត់បំផុតពីក្រុមគ្រួសាររបស់នាង នៅពេលជួបជាមួយអ្នកយកព័ត៌មាននៅក្នុងហាងតែគជ់មួយក្នុងទីក្រុងភ្នំពេញ នាង រំដួល បានដាក់លក្ខខណ្ឌមិនឱ្យ ដាក់ឈ្មោះពិតប្រាកដ និង មិនឱ្យថតរូបរបស់នាង នាង  បាននិយាយដោយមិនលាក់លៀមថា មូលហេតុដែលនាំ​ឱ្យនាងខ្ញុំដាច់ចិត្តរកស៊ីលក់ខ្លួន ម្តងម្កាលនេះមិនមែនមកពីគ្រួសាររបស់នាងខ្ញុំក្រនោះទេ តាមពិតទៅក្រុមគ្រួសារ​ប៉ាម៉ាក់​​​របស់នាងខ្ញុំមិនខ្វះខាតនោះទេ ហើយប៉ាជាមន្ត្រីម្នាក់ ចំណែកអ្នកម៉ាក់ជាអ្នកជំនួញ គឺមុនដំបូងកាលពីឆ្នាំ ២០០៩ នាងខ្ញុំធ្លាប់មានសង្សារម្នាក់ដែលជា កូនអ្នកមានអំណាចម្នាក់ ពេលនោះនាងខ្ញុំ និង រូបគេបានដើរ​សប្បាយជាមួយគ្នា ជាពិសេសនៅពេលនាងខ្ញុំទំនេរពីការសិក្សា តែងតែដើរលេងជាមួយគេ ចូលបារ ចូលក្លឹប ចូលខារ៉ាអូខេ ឱ្យតែកន្លែងណាសប្បាយនាំគ្នាទៅហើយ ចំណែកប្រាក់កាស ជួនកាលគេចេញ ជួនកាលនាងខ្ញុំចេញ នៅពេលសប្បាយមែនទែនទៅ លួចម៉ោងចេញពីសាលាដើម្បីទៅដើរលេង ជាមួយសង្សារ ប៉ុន្តែក៏ត្រូវលៃម៉ោងត្រឡប់ទៅផ្ទះវិញឱ្យទាន់ម៉ោងចេញពីសាលាដែរ ដើម្បីកុំឱ្យប៉ាម៉ាក់ចាប់កំហុសបាន ហើយជាពិសេសឆ្លៀតពេលទៅរៀនគួរក្រៅម៉ោង គឺមិនសូវបានចូលរៀនគួរនោះទេ
កាលណោះនាងខ្ញុំ និង សង្សារបានស្រឡាញ់គ្នាផ្អែមល្ហែមមែនទែន ហើយមានគម្រោងរៀបការ​ជាមួយគ្នាថែមទៀត ប៉ុន្តែក្តីរំពឹងរបស់នាងខ្ញុំកាលពីពេលនោះត្រូវរលាយអស់ ដោយសារនៅក្នុងខែកញ្ញា ឆ្នាំ ២០០៩ កន្លងទៅ នាងខ្ញុំ និង សង្សារ បានទាស់ទែងគ្នា ដោយនាងខ្ញុំដឹងថា គេមានស្រីផ្សេងម្នាក់ទៀតក្រៅពីនាងខ្ញុំ ចាប់ពីពេលនោះមក នាងខ្ញុំបានបែកបាក់ជាមួយ គេរហូតមកដល់សព្វថ្ងៃនេះ ដូច្នេះតាំងពីពេលនោះមក នាងខ្ញុំមិនមានសង្សារទៀតនោះទេ ប៉ុន្តែបានដើរលេងជាមួយ មិត្តភក្តិប្រុសស្រីធម្មតាឱ្យតែនឹកឃើញចង់ដើរ​លេងសប្បាយគឺនាំគ្នាចេញពីសាលាទៅលេងតាមក្លឹបឬទៅកន្លែងសប្បាយៗ ហើយកន្លែងសប្បាយៗនៅក្នុងទីក្រុងភ្នំពេញ នាងខ្ញុំស្គាល់ដើរតែទាំងអស់មិនសូវចន្លោះនោះទេ ប្រាក់សម្រាប់យកទៅដើរ លេងនាពេលនោះគឺបានមកពីការសន្សំដែលប៉ាម៉ាក់ឱ្យសម្រាប់ទុកទៅរៀន ប៉ុន្តែដល់ពេលដើរលេងយូរៗទៅ នាងខ្ញុំមិនសូវ មានប្រាក់ដើរលេងនោះទេ ហើយប្រាក់ដែលប៉ាម៉ាក់​ឱ្យសម្រាប់តែទៅរៀនប៉ុណ្ណោះ ហើយតម្រូវការក៏ច្រើនជាងមុនកាលពី មានសង្សារប្រាក់ចំណាយ​ក្នុងការដើរលេងភាគច្រើនគឺសង្សារជាអ្នកចំណាយ
នៅថ្ងៃមួយមានមិត្តភក្តិស្រីម្នាក់បបួលនាងខ្ញុំដើរលេង តែនៅពេលនោះ នាងខ្ញុំក៏បានឆ្លើយតបទៅវិញថា គ្នាមិនមាន ប្រាក់នោះទេ ប៉ុន្តែគេឆ្លើយមកវិញថា កុំបារម្ភពីប្រាក់ មានគេចេញហើយ ពេលនោះនាងខ្ញុំក៏ទៅដើរ​លេងជាមួយគេ នៅខណៈ ពេលដើរលេងនោះ មិត្តភក្តិស្រីរបស់នាងខ្ញុំម្នាក់នោះបាននិយាយប្រាប់នាងខ្ញុំថា បើចង់មានប្រាក់ដើរលេងសប្បាយហ៊ឺហា រកស៊ីលក់ខ្លួនទៅ ប៉ុន្តែលក់ខ្លួនម្តងម្កាលបានហើយ កុំឱ្យគេចាប់អារម្មណ៍ និង កុំឱ្យអ្នកផ្ទះដឹង ហើយរូបគេជាអ្នករកម៉ូយឱ្យ   មុនដំបូងនាងខ្ញុំមិនទាន់ដាច់ចិត្តធ្វើដូច្នេះភ្លាមនោះទេ រយៈពេលមួយខែក្រោយមក ដោយសារតែនាងខ្ញុំចង់ដើរលេងសប្បាយ ដូចកាលពីពេលមុន ហើយមិត្តភក្តិស្រី​របស់នាងខ្ញុំម្នាក់នោះបានរកម៉ូយឱ្យនាងខ្ញុំ ដែលបុរសម្នាក់នោះមានវ័យប្រហែលជាង សែសិបឆ្នាំ ដែលជាអ្នកមានម្នាក់ជិះរថយន្តទំនើបម៉ាកលុចស៊ីសស៊េរីឆ្នាំ ២០១០ នៅពេលគេឃើញនាងខ្ញុំ គេឱ្យតម្លៃខ្លួននាងខ្ញុំ មួយរយហាសិបដុល្លារ ដោយសារនាងខ្ញុំឃើញគេជាអ្នកមាន នាងខ្ញុំបានទារថ្លៃពីគេចំនួនពីររយហាសិបដុល្លារ ទើបនាងខ្ញុំ ព្រមទៅជាមួយ ពេលនោះគេយល់ព្រមតាមតម្លៃដែលនាងខ្ញុំទារ មួយរំពេចនោះគេក៏បាន​ដឹកនាងខ្ញុំទៅកាន់សណ្ឋាគារមួយ នៅក្នុងខណ្ឌ មករា រាជធានីភ្នំពេញ ពេលនោះនាងខ្ញុំបានដេកជាមួយគេជិតបីម៉ោង ហើយគេបានឱ្យប្រាក់នាងខ្ញុំភ្លាម រយៈពេលពីរខែក្រោយមកទៀត គេបានហៅនាងខ្ញុំទៅដេកម្តង​ទៀត ដោយគេឱ្យប្រាក់នាងខ្ញុំចំនួនបួនរយដុល្លារ ដោយគេឮ ថានាងខ្ញុំចង់ដូរម៉ូតូ
ក្រោយៗមកទៀត គេតែងតែហៅនាងខ្ញុំទៅដេកញឹកញាប់ ដោយគាត់ចិត្តទូលាយ គាត់តែងតែឱ្យប្រាក់នាងខ្ញុំចាយ ច្រើន ប៉ុន្តែនាងខ្ញុំបានស្គាល់បុរសម្នាក់នោះហើយបានដេក​ជាមួយគេចំនួនប្រាំដង​ប៉ុណ្ណោះ ដោយសារតែខ្លាចបែកការ នាងខ្ញុំក៏បានប្តូរលេខទូរស័ព្ទដើម្បីឈប់ទំនាក់ទំនងជាមួយបុរសម្នាក់នោះ ព្រោះខ្លាចប៉ាម៉ាក់នាងខ្ញុំដឹង នាងខ្ញុំបានផ្អាក មួយរយៈ ប៉ុន្តែរយៈពេលពីរខែក្រោយមកទៀត នាងខ្ញុំចង់ដើរលេង នាងខ្ញុំបានទៅដេកជាមួយបុរសម្នាក់ទៀត ដែលជា មន្ត្រីអ្នកមានអំណាចម្នាក់តាមការណែនាំរបស់មិត្តភក្តិ ដែលបុរសម្នាក់នោះមានវ័យជិតហាសិបឆ្នាំ ដោយសារតែគាត់ ស្រឡាញ់ និង អាណិតនាងខ្ញុំ គាត់បានឱ្យប្រាក់​នាងខ្ញុំរហូតដល់ទៅប្រាំរយដុល្លារ នៅពេលនាងខ្ញុំដើរលេងសប្បាយចាយប្រាក់ អស់ នាងខ្ញុំតែងតែលក់ខ្លួនទៀត មានមិត្តភក្តិរបស់នាងខ្ញុំបួន ប្រាំនាក់ទៀតដែលជាសិស្សសាលាដែរនោះបានរកស៊ីលក់ខ្លួន ដូចជារូបនាងខ្ញុំដែរ ប៉ុន្តែលក់ខ្លួនដើម្បីយកប្រាក់ទៅសប្បាយម្តងម្កាលប៉ុណ្ណោះ
ដោយសារតែវល់នឹងការដើរលេងសប្បាយខ្លាំងពេក រំដួល និយាយថា ធ្វើឱ្យនាងទៅរៀនមិនបាន​ជាប់លាប់ដូចកាលពី មុននោះទេ ដែលធ្វើឱ្យនាង រៀនត្រួតថ្នាក់ទី ១១ មួយឆ្នាំទៀត កន្លងមកធ្លាប់មានភ្ញៀវជាមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ដែល ស្រឡាញ់ និង អាណិតនាងនៅពេលដែលនាងនិយាយថា ចង់ដូរម៉ូតូបន្ទាប់ពីដេកជាមួយម្នាក់បានចំនួនពីរដងរួចមកគេបានឱ្យ ប្រាក់នាងចំនួនមួយពាន់ប្រាំបីររយដុល្លារ បន្ទាប់ពីបានប្រាក់ហើយនាងបានបិទទូរស័ព្ទមួយរយៈ នៅពេលដើរសប្បាយចាយ ប្រាក់អស់ទើបនាងបើកទូរ​ស័ព្ទរកប្រាក់ដើម្បីសប្បាយបន្តទៀត ហើយនាងតែងតែធ្វើដូច្នេះជានិច្ច
ជារៀងរាល់ថ្ងៃ រំដួល តែងតែទៅសាលារៀនដូចសិស្សដទៃទៀត ប៉ុន្តែនៅពេលមានអ្នកណាត់ដើរលេង ពេលចេញពី ផ្ទះស្លៀកញក់សម្លៀកបំពាក់ជាសិស្សធម្មតា តែនៅក្នុងកាតាបរបស់នាងមាន​សម្លៀកបំពាក់សម្រាប់ដើរ​លេងមួយសម្រាប់ នៅពេលចេញផុតពីផ្ទះដល់ស្ថានីយចាក់សាំង នាងតែងតែចូលផ្លាស់ប្តូរសម្លៀក​បំពាក់នៅក្នុងបន្ទប់ទឹក ជួនកាលទៅផ្លាស់ ប្តូរសម្លៀកបំពាក់នៅក្នុងបន្ទប់ទឹកតាមសួនច្បារ តាមមាត់ទន្លេ រំដួល និយាយថា ដោយសារតែប៉ាម៉ាក់របស់នាងមានការ មមាញឹកជាមួយការងារពេក ពួកគាត់មិនមានពេលតាមរូប​នាងឡើយ រាល់ថ្ងៃនេះប៉ាម៉ាក់របស់នាងមិនបានដឹងថានាង គេចសាលា ប្រព្រឹត្តនូវអំពើមិនគប្បីនោះទេ ដោយពួកគាត់គ្រាន់តែដឹងថា នាងដើរលេងច្រើន ហើយពួកគាត់តែងតែ ប្រៀនប្រដៅនាងកុំឱ្យដើរលេងច្រើន
ពាក់ព័ន្ធនឹងកូនសិស្សប្រុស និង សិស្សស្រីគេចសាលាហើយនាំគ្នាទៅសេពគ្រឿងញៀននៅក្នុងផ្ទះសំណាក់ សណ្ឋាគារ និង នាំគ្នាចូលសប្បាយក្នុងក្លឹបកម្សាន្តផ្សេងៗ​ក្នុងទីក្រុងភ្នំពេញនាពេលកន្លងមកត្រូវ​បានសមត្ថកិច្ចចាប់​យក​​ទៅ ធ្វើការអប់រំបានជាច្រើននាក់មកហើយ ឥឡូវនេះនៅតាមក្លឹបមួយចំនួនក្នុងទី​ក្រុងភ្នំពេញមានសភាពស្ងប់ស្ងាត់ជាងមុនមិនសូវ មានសិស្សចូលទៅសប្បាយច្រើននោះទេ

No comments:

Post a Comment