Pages

Friday, December 21, 2012

ប៉ូលិស ឆែកឆេរ​ផ្ទះ​ជនជាតិ​ចិន


ប៉ូលិស ឆែកឆេរ​ផ្ទះ​ជនជាតិ​ចិន ក្នុង​រឿង​ជំរិត​ទារប្រាក់​ឆ្លងដែន តាម​អ៊ីនថឺណេត​


0
1

(ថ្ងៃទី 21 ធ្នូ 2012, ម៉ោង 11:22:AM) | ដោយ: សុភាព
ក- ក ក+ | Print
ភ្នំពេញ: ក្រុមប៉ូលិសនាយកដ្ឋាន​ចារកម្ម របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៃ​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​នឹង​ប៉ូលិស​មូល​ដ្ឋាន នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​បើក​ប្រតិបត្តិការឆែកឆេរ​ផ្ទះស្នាក់នៅ​របស់​ជនជាតិ​ចិន ចំនួន ៦ គោលដៅ នៅក្នុង​ខេត្ត​កណ្តាល និង​រាជធានី​ភ្នំពេញ​។ ជន​ជាតិ​​ចិន​ទាំង​នោះជាប់ចោទ​ក្នុង​រឿង​ជំរិត​ទារប្រាក់​ឆ្លងដែន តាម​ប្រព័ន្ធ​អ៊ីនថឺណេត​។​

រហូត​ដល់​ម៉ោង ១១ ព្រឹក​នេះ ប្រតិបត្តិការ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ​។ ប៉ុន្តែសេចក្តី​រាយការណ៍​ជំ​ហាន​ដំបូង បង្ហាញថា ប៉ូលិស​បាន​ឆែកឆេរ​លំនៅដ្ឋាន ដែល​ជា​កន្លែង​ស្នាក់​នៅ​របស់​ជនជាតិ​ចិន នៅ​បុរី​ព្រែក​ឯង ក្នុង​ខណ្ឌ​មានជ័យ នៅ​បុរី​កាំ​ង​ម៉េង ក្នុង​ខណ្ឌ​ដង្កោ និង​នៅ​ផ្ទះជួលម្តុំ​រង្វង់​ផ្សារ​ដើមថ្កូវ ចំនួន ២ កន្លែង​ ក្នុងខណ្ឌចំការមន ព្រមទាំងនៅខណ្ឌ​សែន​សុខ ក្នុងរាជធានីភ្នំពេញ។​

​សូម​រម្លឹកថា កងកម្លាំង​ប៉ូលិសនាយកដ្ឋាន​ចារកម្ម នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១២ បាន​ឆែកឆេរនិង​ឃាត់ខ្លួន​បុរស​ជនជាតិ​តៃវ៉ាន់ ១៧ នាក់ នៅផ្ទះ​វីឡា​លេខ​២៦៧៩ ក្នុង​ក្រុម​ទី​៤ ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ជនជាតិ​ចិន​ទាំង​នោះ ត្រូវបាន​ចោទប្រកាន់ក្នុង​រឿង​ជំរិត​ទារប្រាក់​ឆ្លងដែនដោយ​ប្រើ​ប្រព័ន្ធ​អ៊ី​ន​ថឺ​ណេ​ត​។​

​បុរស​ជនជាតិ​តៃវ៉ាន់ ១៦​នាក់ និង​ស្ត្រី​ជនជាតិ​ចិនដីគោក​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជំរិត​ទារប្រាក់​ឆ្លងដែន  បាន​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង រាជធានី​ភ្នំពេញ បាន​សម្រេច​កាលពី​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១២ ឃុំខ្លួន​ដាក់ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពី​បទកំហែង​យក​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​កម្ពុជា ជនជាតិ​ចិន​ទាំង​នោះ បាន​សារភាព​ថា ពួកគេ​បាន​ធ្វើតាម​បញ្ជា​របស់​មេខ្លោង​ធំ​ម្នាក់នៅ​តៃវ៉ាន់ ដែល​បញ្ជា​ឱ្យ​ពួកគេ​រាវរក​លេខ​សម្ងាត់ នៅក្នុង​គណនី​ធនាគារអ្នក​មាន​ទ្រព្យសម្បត្តិនៅ​ចិនដីគោក ដើម្បី​ធ្វើការ​ជំរិត​ទារប្រាក់ នឹង​អាច​ឈាន​ដល់​ការប្រព្រឹត្តនៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ដោយ​ពួកគេ​ក្លែងបន្លំ​ធ្វើការ​ទំនាក់ទំនង​ជារ​បៀ​ប​លេង​ភាគហ៊ុន​។​

​ជា​ការកត់សម្គាល់ ក្នុង​ពេល​កន្លងមក សមត្ថកិច្ច​ប៉ូលិស​កម្ពុជា បាន​ចាប់ខ្លួន​ជនជាតិ​ចិន ជាច្រើន​លើក​មក​ហើយ ក្នុង​ករណី​ជំរិត​ទារប្រាក់​ឆ្លងដែនតាម​ប្រព័ន្ធ​អ៊ី​ន​ថឺ​ណេ​ត​។ ក្នុងនោះ​ជនជាតិ​ចិន ១៥​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ប្រទេស​កម្ពុជា ចាប់ខ្លួនកាលពី​ថ្ងៃ​៨ ខែ​សីហា ឆ្នាំ​២០១២ នៅក្នុង​ផ្ទះសំណាក់​អប្សរា ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។​

​កាលពី​ថ្ងៃ​៩ ខែមិថុនា ឆ្នាំ​២០១១ សមត្ថកិច្ច​នគ​របាល​ជាតិ​កម្ពុជា ចាប់​បាន​ជនជាតិ​ចិន ១៦៧ នាក់ (​ស្រី ៤៩ នាក់​)​។ ដោយ​ក្នុង​នោះនៅ​ខេត្ត​ព្រះសីហនុ ចាប់បាន ៣៨ នាក់​, ខេត្ត​ស្វាយរៀង ចាប់បាន ៦១ នាក់ និង​រាជធានី​ភ្នំពេញ ចាប់បាន ៦៨ នាក់​។​

​ចំណែក​កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២ សមត្ថកិច្ច​នគរបាល​កម្ពុជា ចាប់​បាន​ជនជាតិ​ចិនចំនួន ៤៩ នាក់ នៅ​រាជធានី​ភ្នំពេញ​។​

​គួរ​ជម្រាប​ថា របាយការណ៍​ប៉ូលិស​កម្ពុជា បង្ហាញថា ជនជាតិ​ចិន​ប្រមាណ​ជាង ៥០០ នាក់ ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូន​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​ចិន​វិញ ដោយសារ​ពួកគេ​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត​ឆ្លង​ប្រទេស ដែល​មាន​ទឹកប្រាក់​ជាង ១០០ លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ​២០១០ ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២៕​ 

No comments:

Post a Comment