Wednesday, May 6, 2015

ដើមទន្សែ

  ពាក្យប្រស្នាខ្មែរថា
ដើមប៉ុនអង្រែផ្លែប៉ុនអង្រុត តើជាដើមអ្វី?

ដើមនេះមានឈ្មោះថា ដើមទន្សែ ភាសានិយាយតៗគ្នា ហៅថា ដើមអន្សែ
ពេលយកទៅធ្វើប៉ុយ គេហៅថា ប៉ុយទន្សែ
តាមការពន្យល់របស់សម្តេច ជួន ណាត
ទន្សែ ( ន. )
ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ដើម​សណ្ឋាន​ស្លា ផ្លែ​មាន​ស្មែង នៅ​ស្រទាប់​ធាង​មាន​ក្រមរ​ជា​ផង់​ល្អិត ។ ទន្សែ​នេះ, អ្នក​លង្កា​ទ្វីប​គេ​ធ្វើ​ផ្កា​វា​ឲ្យ​ស្រក់​ទឹក​ផ្អែម​បាន ដូច​ផ្កា​ត្នោត​ដែរ, មុន​ដំបូង, កាល​បើ​គេ​ស្ទង់​ឃើញ​ថា​ផ្កា​វា​មាន​ចំណាស់​ល្មម​គាប​បាន​ហើយ, គេ​ធ្វើ​ជណ្ដើរ​ឫស្សី​តូច​ល្មម, ជណ្ដើរ​នោះ​មាន​កាំ​ខាង​លើ ២ ជា​ចម្ពាម​ទប់​កុំ​ឲ្យ​ក្រឡាច់, គេ​ឡើង​ទៅ​ក្រសោប​សំណុំ​ផ្កា ចង​ផ្អោប​ឲ្យ​ណែន, ចង ៧ ថ្ងៃ ក្ដឹប​ក៏​ទុំ​ទាំងអស់ គ្រាន់​តែ​ស្រាយ​ចំណង​ចេញ ក្ដឹប​ទាំង​នោះ​ក៏​ជ្រុះ​អស់ នៅ​សល់​តែ​ស្មែង​គេ​ប្រមូល​ទង​ស្មែង​ឲ្យ​ល្មម​តែ​គាប​កើត ចង​ជា​ដុំ​តូច​ៗ ច្រើន​ដុំ ឥត​កាត់​ចោល​ទេ, លុះ​គម្រប់ ៧ ថ្ងៃ គេ​យក​គំនាប​សំប៉ាត ដូច​គំនាប​ត្នោត​ឈ្មោល គាប ៣ ថ្ងៃ គេ​យក​កាំបិត​យ៉ាង​មុត​ចិត ដូច​ចិត​ផ្កា​ត្នោត​ដែរ, ក៏​ស្រក់​ទឹក​ផ្អែម​មក, គេ​ត្រង​នឹង​ក្វាង​មាន​ទំហំ​មាត់​ល្មម​តែ​ចុះ​សំណុំ​ផ្កា​ដែល​គេ​ចង​នោះ, បាន​ទឹក​ផ្អែម គេ​អាច​រំងាស់​ធ្វើ​ស្ករ​បាន​ដូច​ត្នោត​ដែរ, ងាយ​ធ្វើ​ជាង​ត្នោត ព្រោះ​មិន​ខ្លាច​ធ្លាក់​ដូច​ត្នោត​ទេ; ស្ករ​ទន្សែ​ផ្អែម​ខ្សោយ​បន្តិច​ជាង​ស្ករ​ត្នោត​មិន​រងាន់​ទេ ។ ទន្សែ​បញ្ចេញ​ផ្កា​ឥត​រដូវ​ដូច​ត្នោត​ទេ, គួរ​យើង​ធ្វើ​ល្បង​មើល, ក៏​គង់​នឹង​បាន​ដឹង​ដោយ​ងាយ, បើ​ធ្វើ​កើត, មាន​ប្រយោជន៍​សំខាន់​ណាស់, គួរ​តែ​យើង​ពិសោធន៍​មើល : ដី​នៅ​ប្រទេស​យើង​ងាយ​ដាំ​ទន្សែ​ណាស់​គួរ​តែ​ដាំ​ត្រង់​ដី​ទំនេរ​ៗ​ឲ្យ​មាន​ច្រើន​ឡើង ។
វិធីប្រើតាមបែបខ្មែរបុរាណ
ការពន្យល់តាមការចងចាំរបស់ បងស្រី Var Englearng មានដូចតទៅនេះ
ដើមនេះដើមរបស់វារុំដោយអ្វីម៉្យាងរាងដូចសំឡីៗហើយចាស់ៗពីដើមកោសយកសំឡីនោះយកមកមូរជាដុំតូចៗដែលពួកគាត់ហៅថា"ប៉ុយ"  ជាថ្នាំបូរាណសំរាប់ព្យាបាលរោគស្ទើរតែគ្រប់ប្រភេទ ដោយយកប៉ុយនោះមកដុះហើយដាក់នៅចំកន្លែងណាដែលឈឺ ដុចរហូតដល់ឆេះសាច់ វិធីនេះមានធ្វើច្រើនណាស់នៅជំនាន់ខ្មែរក្រហម ដូចរាគរួសមិនបាត់ ឈឺក្បាលឈឺចុកចាប់ក្នុងខ្លួន ល-ល    សង្ឃឹមថាអាចពន្យល់ភ្ញៀងបានយ៉ាងតិច២០នាទី  ។
 សូមថ្លែងអំណរគុណ ចំពោះបងស្រីដែលនៅចងចាំហើយចែករំលែកបទពិសោធន៍នេះដល់ក្មេងៗជំនាន់ក្រោយទោះតិចក្តីច្រើនក្តី។ខ្ញំបាទធ្លាប់ឃើញនិងចងចាំប្រហាក់ប្រហែលនេះដែរ តែមិនដឹងថាវាជាប៉ុយទន្សែនោះទេ។
វិធីប្រើ
ស្លឹក 1-យកមកតុបតែងក្នុងពិធីអាពាហ៍ពិពាហ៍និងពិធីបុណ្យផ្សេងៗ។
2-សំរាប់ព្រះសង្ឃប្រើសំរាប់ប្រស់ទឹក​(ស្តន្ទ)
ធាង
1-អាចយកសំឡីចេញពីធាងយកមកធ្វើប៉ុយដើម្បីព្យាបាលជំងឺផ្សេងៗ។
2-យកធ្វើឧប្បករណ៍ប្រើប្រាស់ផ្សេងៗ
ការដុតប៉ុយទន្សែ
ប៉ុយទន្សែគេដុតនៅចំកញ្ចឹងក និង ផ្ទៃពោះ
ការព្យាបាលជម្ងឺ
គេយកប៉ុយទន្សែទៅព្យាបាលជម្ងឺច្រើនមុខដូចជា
ជម្ងឺវិលមុខឈឺក្បាល ជម្ងឺកូនកណ្តុរ ជម្ងឺប្រកាំង ជម្ងឺខ្លន ដុតឫសដើម។
-សូមកុំសាកល្បងព្យាបាលជម្ងឺដោយខ្លួនអ្នកអោយសោះ ។
-ដើមទន្សែស្ទើតែបាត់បង់អស់ទៅហើយសូមជួយអភិរក្សផង។
- សូមមេត្តាជួយកែតម្រូវសម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយអោយបានយល់ដឹងផង។
បើចង់ឃើញដើមទន្សែសូមមកព្រះបរមរាជវាំងច្រកចេញខាងត្បូង។
By ekchandararith.blogspot.com


No comments:

Post a Comment