មណ្ឌលគិរី : ភ្នំដោះក្រមុំគឺជាបូជនីយដ្ឋានទេសចរណ៍មួយនៅក្នុងខេត្តមណ្ឌលគិរីដែលជនជាតិ ភាគតិច និងខ្មែរធ្វើការគោរពបូជាតាមជំនឿទំនៀមទម្លាប់របស់ពួកគេ។ប្រជាជនភាគច្រើនជឿថាព្រលឹងវិញ្ញាណស័ក្តិសិទ្ធិអារក្ខអ្នកតាដែលនៅលើភ្នំសម្បូរស្មៅនោះបានថែរក្សាពួកគេឲ្យមានសេចក្ដីសុខសុវត្ថិភាពនិងសុខភាពល្អ។
កន្លែងបន់ស្រន់ដ៏ស័ក្ដិសិទ្ធិនៅលើកំពូលភ្នំដោះក្រមុំខេត្តមណ្ឌលគិរី។ រូបថត លាង ផាន់ណារ៉ា
ជារឿយៗពួកគេក៏ឡើងទៅលើភ្នំដោះក្រមុំដើម្បីបន់ស្រន់សុំជោគលាភក្នុងមុខរបរនិងសុភមង្គលក្នុងគ្រួសារ។
ស្ថិតនៅក្នុងភូមិដោះក្រមុំឃុំសុខដុមស្រុកសែនមនោរម្យខេត្តមណ្ឌលគិរីភ្នំនេះដើមឡើយឈ្មោះថាភ្នំឪយល់ក្រោយមកគេហៅជីហូ ជីវ័នឬស្រុះប្លង់។
តាមសាច់រឿងបានតំណាលតៗគ្នាមកថា កាលពីដើមឡើយជនជាតិព្នងពីរនាក់ដែលកំលោះមានឈ្មោះ ស្រុះបានចាប់ចិត្តស្រឡាញ់នារីម្នាក់ ឈ្មោះប្លង់ហើយកំលោះស្រុះបានស្នើឲ្យឪពុកម្តាយចូលស្តីដណ្តឹងនាងប្លង់ជាគូគ្រង។ឪពុកម្តាយខាងស្រីក៏យល់ព្រមរើសថ្ងៃដើម្បីរៀបការ។ ប៉ុន្តែមួយថ្ងៃមុនថ្ងៃជ័យនោះ នាងប្លង់ដែលបានចេញពីផ្ទះទៅដងទឹកអណ្តូងមួយក្បែរមាត់អូរដើម្បីយកទឹកមកប្រើប្រាស់នៅក្នុងពិធីសែនព្រេននោះ ក៏ស្រាប់តែបានបាត់ខ្លួននាងពុំដឹងពីមូលហេតុទេ។ ក្នុងភាពដ៏ស្លន់ស្លោនោះ ឪពុកម្តាយ និងគូដណ្តឹងរបស់នាងកំលោះស្រុះ បានពឹងពាក់រកបងប្អូនអ្នកភូមិឲ្យជួយដើររកគ្រប់ទិសទីអស់រយៈពេល១៥ថ្ងៃ នៅតែរកមិនឃើញនាំឲ្យកំលោះស្រុះធ្លាក់ក្នុងក្តីអស់សង្ឃឹមយ៉ាងខ្លាំង។ មិនគួរឲ្យជឿ លុះថ្ងៃមួយក៏ស្រាប់តែនាងប្លង់បានមកបង្ហាញមុខ នៅចំពោះមុខនាយស្រុះ ក្នុងភូមិ ហើយក៏ប្រាប់ពីមូលហេតុនៃការបាត់ខ្លួនរបស់នាងថា នាងវង្វេងក្នុងព្រៃ និងត្រូវបានដូនចាស់ពីរនាក់ឈ្មោះ ជីហូ និង ជីវ័នជួយសង្គ្រោះមើលថែបង្ហាញផ្លូវត្រឡប់មកភូមិវិញ។
បន្ទាប់ពីជ្រាបនូវរឿងរ៉ាវនេះ នាងប្លង់និងនាយស្រុះបានស្រុះស្រួលគ្នាទៅជួបដូនចាស់ពីរនាក់នោះ ហើយដោយដឹងថាស្រុះ និង ប្លង់ ជាគូដណ្តឹងនឹងគ្នាស្រាប់ផងដូនចាស់ទាំងពីរក៏បានផ្សំផ្គុំឲ្យបានជាប្តីប្រពន្ធនឹងគ្នាតែម្តង និងឲ្យនាយស្រុះ និង នាង ប្លង់ ជាអ្នកបន្តវេនថែរក្សាទឹកដីព្រៃភ្នំនេះបន្តពីពួកគាត់។ តាំងពេលនោះមកភ្នំនេះត្រូវបានអ្នកស្រុកបានហៅថា ភ្នំជីហូ ជីវ័ន ឬ ស្រុះប្លង់ និងក្រោយមកទៀតបន្សល់នៅតែឈ្មោះ ស្រុះប្លង់។
ប៉ុន្តែក្រោយមកគេមិនបានដឹងថាជីហូ ជីវ័នស្រុះប្លង់ ស្លាប់នៅពេលណាទេ តែអ្នកស្រុកជឿថាព្រលឹងរបស់ពួកគេស្ថិតនៅទីនោះជាអមតៈ ដើម្បីការពារព្រៃភ្នំជ្រលងដងអូរ និងថែរក្សាបងប្អូនជនជាតិឲ្យរស់រានមានសេចក្តីសុខជានិច្ចនោះ។
លោក សេង លី ដែលជាជនជាតិព្នង រស់នៅភ្នំដោះក្រមុំនោះបានឲ្យដឹងថា ៖ «ឈ្មោះភ្នំដោះក្រមុំទើបមានទសវត្សរ៍ឆ្នាំ១៩៦០ ក្នុងសម័យសង្គមរាស្ត្រនិយមនេះទេ ហើយអ្នកប្តូរឈ្មោះពីស្រុះប្លង់មកជាភ្នំដោះក្រមុំគឺតំណាងរាស្រ្តខេត្តមណ្ឌលគិរី ក្នុងសម័យសង្គមរាស្រ្តនិយមនោះ ឈ្មោះ លោក ខៀវ ប៊ុន»។
លោក សេង លី ក៏បានពន្យល់ឲ្យដឹងពីហេតុផល ដែលលោកតំណាងរាស្រ្ត ប្តូរឈ្មោះមកដាក់ឈ្មោះភ្នំដោះក្រមុំថា៖
«ផ្អែកតាមការមើលឃើញនូវសភាពជាក់ស្តែងថា ភ្នំនេះមានរាងដូចសុដន់របស់ស្ត្រីក្រមុំ ពេលនោះលោកតំណាងរាស្រ្ត ក៏សម្រេចប្តូរឈ្មោះពីភ្នំស្រុះប្លង់ មកភ្នំដោះក្រមុំ ហើយឈ្មោះនេះក៏ជាប់រហូតមកសព្វថ្ងៃនេះទៅ» ។
បើទោះជាឈ្មោះភ្នំនេះត្រូវបានប្តូរឈ្មោះជាច្រើនយ៉ាងនេះក្តី តែបារមីថែរក្សាភ្នំដោះក្រមុំនៅតែស្ថិតនៅនឹងព្រៃភ្នំនេះមិនសាបរលាបដល់សព្វថ្ងៃ។
លោកសេង លីបានអះអាងថា៖ «ភ្នំដោះក្រមុំត្រូវបានបងប្អូនទូទាំងខេត្តមណ្ឌលគិរី មិនថាតែជនជាតិពួកខ្ញុំទេបើសូម្បីតែខ្មែរក៏មានជំនឿលើបារមីភ្នំដោះក្រមុំ ដែលពូកែស័ក្ដិសិទ្ធិដែរ»។
លោកបានបញ្ជាក់បន្ថែមថា៖ «ភ្នំដោះក្រមុំជាទីប្រជុំនៃទីសក្ការរបស់បងប្អូនអ្នកខេត្តមណ្ឌលគិរីទាំងមូល ហើយយើងសម្រេចយកភ្នំដោះក្រមុំនេះជាទីបូជាយញ្ញកាប់ក្របីជ្រូកមាន់ទា ថ្វាយបារមីព្រៃភ្នំរបស់បងប្អូនជនជាតិព្នងលុះសព្វថ្ងៃនេះ» ។
ប៉ុន្តែការឡើងទៅធ្វើបុណ្យកាប់ក្របីជ្រូកបូជាយញ្ញថ្វាយបារមីព្រៃភ្នំនេះ ទើបតែកើតមាននៅក្រោយស្រុកទេសចប់សង្គ្រាមនោះទេ។
លោក សេង លី បានរំឭកថា៖ «ជាយូរលង់មកពួកយើងមិនបានឡើងទៅធ្វើពិធីបុណ្យឬបូជាយញ្ញធំដុំនៅលើភ្នំនេះទេមានត្រឹមតែអុជធូបបែរបន់នៅនឹងផ្ទះហើយរំឭកដល់បារមីភ្នំតែប៉ុណ្ណោះ តែលុះឆ្នាំ២០០៦ក្រោយពីមន្ទីរវប្បធម៌សាងសង់ស្តូបបូជា និងរូបសំណាកនោះ យើងក៏បាននាំគ្នាឡើងធ្វើពិធីបុណ្យថ្វាយបារមីភ្នំនៅលើភ្នំដោះក្រមុំនេះទៅ»។
ទោះជាយ៉ាងណាការនិយមធ្វើបុណ្យកាប់សត្វបូជាយញ្ញថ្វាយបារមីអ្នកតាអារក្ខថែរក្សាព្រៃ លើកំពូលភ្នំដោះក្រមុំពេលនេះហាក់មានភាពផ្ទុយពីប្រពៃណីជនជាតិដើមរបស់ជនជាតិព្នង។
លោក សេង លី បានលើកឡើងពីភាពផ្ទុយគ្នានេះថា ខ្មែរមិនបានកាប់ក្របីសែនដូចជនជាតិព្នងទេ គឺពួកគាត់កាប់គោថ្វាយវិញ។
លោកបានបញ្ជាក់ថា៖ «ការធ្វើបុណ្យនេះមិនកំណត់ពេលវេលាជាក់លាក់ទេភាគច្រើនគេធ្វើពេលណាគេបន់សុំអ្វីមួយបានសម្រេចនោះគេក៏ធ្វើតែម្តង។ ប៉ុន្តែការធ្វើបុណ្យកាប់ក្របីថ្វាយបារមីព្រៃភ្នំរបស់ជនជាតិវិញធ្វើនៅក្រោយរដូវប្រមូលផលស្រូវដំណាំ តែបើអ្នកដែលធ្វើអ្វីមួយខុសឆ្គងហើយមិនបានសុំទោសឬនៅមិនសុខរកទទួលទានអ្វីក៏មិនបាននោះ ត្រូវតែឡើងទៅធ្វើបុណ្យសុំទោសលាបំណន់ទើបបាន»៕