ពាក្យប្រស្នាខ្មែរថា
ដើមប៉ុនអង្រែផ្លែប៉ុនអង្រុត តើជាដើមអ្វី?
ដើមនេះមានឈ្មោះថា ដើមទន្សែ ភាសានិយាយតៗគ្នា ហៅថា ដើមអន្សែ
ពេលយកទៅធ្វើប៉ុយ គេហៅថា ប៉ុយទន្សែ
តាមការពន្យល់របស់សម្តេច ជួន ណាត
ទន្សែ ( ន. )
ឈ្មោះឈើមួយប្រភេទ មានដើមសណ្ឋានស្លា ផ្លែមានស្មែង នៅស្រទាប់ធាងមានក្រមរជាផង់ល្អិត ។ ទន្សែនេះ, អ្នកលង្កាទ្វីបគេធ្វើផ្កាវាឲ្យស្រក់ទឹកផ្អែមបាន ដូចផ្កាត្នោតដែរ, មុនដំបូង, កាលបើគេស្ទង់ឃើញថាផ្កាវាមានចំណាស់ល្មមគាបបានហើយ, គេធ្វើជណ្ដើរឫស្សីតូចល្មម, ជណ្ដើរនោះមានកាំខាងលើ ២ ជាចម្ពាមទប់កុំឲ្យក្រឡាច់, គេឡើងទៅក្រសោបសំណុំផ្កា ចងផ្អោបឲ្យណែន, ចង ៧ ថ្ងៃ ក្ដឹបក៏ទុំទាំងអស់ គ្រាន់តែស្រាយចំណងចេញ ក្ដឹបទាំងនោះក៏ជ្រុះអស់ នៅសល់តែស្មែងគេប្រមូលទងស្មែងឲ្យល្មមតែគាបកើត ចងជាដុំតូចៗ ច្រើនដុំ ឥតកាត់ចោលទេ, លុះគម្រប់ ៧ ថ្ងៃ គេយកគំនាបសំប៉ាត ដូចគំនាបត្នោតឈ្មោល គាប ៣ ថ្ងៃ គេយកកាំបិតយ៉ាងមុតចិត ដូចចិតផ្កាត្នោតដែរ, ក៏ស្រក់ទឹកផ្អែមមក, គេត្រងនឹងក្វាងមានទំហំមាត់ល្មមតែចុះសំណុំផ្កាដែលគេចងនោះ, បានទឹកផ្អែម គេអាចរំងាស់ធ្វើស្ករបានដូចត្នោតដែរ, ងាយធ្វើជាងត្នោត ព្រោះមិនខ្លាចធ្លាក់ដូចត្នោតទេ; ស្ករទន្សែផ្អែមខ្សោយបន្តិចជាងស្ករត្នោតមិនរងាន់ទេ ។ ទន្សែបញ្ចេញផ្កាឥតរដូវដូចត្នោតទេ, គួរយើងធ្វើល្បងមើល, ក៏គង់នឹងបានដឹងដោយងាយ, បើធ្វើកើត, មានប្រយោជន៍សំខាន់ណាស់, គួរតែយើងពិសោធន៍មើល : ដីនៅប្រទេសយើងងាយដាំទន្សែណាស់គួរតែដាំត្រង់ដីទំនេរៗឲ្យមានច្រើនឡើង ។
វិធីប្រើតាមបែបខ្មែរបុរាណ
ការពន្យល់តាមការចងចាំរបស់ បងស្រី Var Englearng មានដូចតទៅនេះ
ដើមនេះដើមរបស់វារុំដោយអ្វីម៉្យាងរាងដូចសំឡីៗហើយចាស់ៗពីដើមកោសយកសំឡីនោះយកមកមូរជាដុំតូចៗដែលពួកគាត់ហៅថា"ប៉ុយ" ជាថ្នាំបូរាណសំរាប់ព្យាបាលរោគស្ទើរតែគ្រប់ប្រភេទ ដោយយកប៉ុយនោះមកដុះហើយដាក់នៅចំកន្លែងណាដែលឈឺ ដុចរហូតដល់ឆេះសាច់ វិធីនេះមានធ្វើច្រើនណាស់នៅជំនាន់ខ្មែរក្រហម ដូចរាគរួសមិនបាត់ ឈឺក្បាលឈឺចុកចាប់ក្នុងខ្លួន ល-ល សង្ឃឹមថាអាចពន្យល់ភ្ញៀងបានយ៉ាងតិច២០នាទី ។
សូមថ្លែងអំណរគុណ ចំពោះបងស្រីដែលនៅចងចាំហើយចែករំលែកបទពិសោធន៍នេះដល់ក្មេងៗជំនាន់ក្រោយទោះតិចក្តីច្រើនក្តី។ខ្ញំបាទធ្លាប់ឃើញនិងចងចាំប្រហាក់ប្រហែលនេះដែរ តែមិនដឹងថាវាជាប៉ុយទន្សែនោះទេ។
វិធីប្រើ
ស្លឹក 1-យកមកតុបតែងក្នុងពិធីអាពាហ៍ពិពាហ៍និងពិធីបុណ្យផ្សេងៗ។
2-សំរាប់ព្រះសង្ឃប្រើសំរាប់ប្រស់ទឹក(ស្តន្ទ)
ធាង
1-អាចយកសំឡីចេញពីធាងយកមកធ្វើប៉ុយដើម្បីព្យាបាលជំងឺផ្សេងៗ។
2-យកធ្វើឧប្បករណ៍ប្រើប្រាស់ផ្សេងៗ
ការដុតប៉ុយទន្សែ
ប៉ុយទន្សែគេដុតនៅចំកញ្ចឹងក និង ផ្ទៃពោះ
ការព្យាបាលជម្ងឺ
គេយកប៉ុយទន្សែទៅព្យាបាលជម្ងឺច្រើនមុខដូចជា
ជម្ងឺវិលមុខឈឺក្បាល ជម្ងឺកូនកណ្តុរ ជម្ងឺប្រកាំង ជម្ងឺខ្លន ដុតឫសដើម។
-សូមកុំសាកល្បងព្យាបាលជម្ងឺដោយខ្លួនអ្នកអោយសោះ ។
-ដើមទន្សែស្ទើតែបាត់បង់អស់ទៅហើយសូមជួយអភិរក្សផង។
- សូមមេត្តាជួយកែតម្រូវសម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយអោយបានយល់ដឹងផង។
បើចង់ឃើញដើមទន្សែសូមមកព្រះបរមរាជវាំងច្រកចេញខាងត្បូង។
By ekchandararith.blogspot.com