សង្ខេបរឿងរាមកេរ្តិ៍ខ្មែរ
ខ្សែទី១
ឥសីពិស្វាមិត្របានរៀបចមហោមពិធីជាកិត្តិយសដល់សិស្សគឺ ព្រះរាម និងព្រះលក្សណ៍ ដែលបានរៀបចេះចប់គម្ពីរវេទ ។
ថ្ងៃមួយមានយក្សកាឡាខ្លួនជាក្អែកយ៉ាងធំ ឈ្មោះកាកណាសូរ មកឆាបអាស្រមឥសីខ្ទេចខ្ទីអស់ ។ ឥសីពិស្វាមិត្រខឹងយ៉ាងខ្លាំងហើយក៏ជប់ធ្នូសរឲ្យព្រះរាមបាញ់ សម្លាប់កាកណាសូរ ។ ក្រោយមកក៏នាំព្រះរាម និងព្រះលក្សណ៍ចូលរួមប្រឡងលើកធ្នូសរព្រះជនកនៅនគរមិថិលា ដើម្បីយកនាងសិតា ធ្វើជាមហេសី ។ ក្នុងឱកាសនោះ មានបេក្ខជនចូលរួមជាច្រើនដែលមកពីភពទាំងបី សូម្បីតែព្រះឥសូរក៏មកនឹងគេដែរ ក៏ប៉ុន្តែគ្មាននរណាលើកធ្នូសររួចឡើយ គឺមានតែតួអង្គព្រះរាមមួយគត់បានទទួលជោគជ័យដោយលើកធ្នូសរនោះ រួច ។
ពេលនោះព្រះជនករីករាយណាស់ផ្ដល់ព័ត៌មាននេះថ្វាយទៅព្រះបាទទសរថ ដើម្បីយាងមកជាអធិបតីក្នុងពិធីរាជាភិសេករវាងព្រះរាម និងនាងសិតា ។ កាលបើពិធីអភិសេកចប់សព្វគ្រប់ហើយ ក៏នាំព្រះរាជបុត្រ និងព្រះរាជធិតាសុណិសាវិលត្រឡប់ទៅកាន់នគរអយុធ្យាវិញ ។ ពាក់កណ្ដាលផ្លូវក៏បានជួបនឹងយក្សកំណាចមួយឈ្មោះ រាមាសូរ ។ យក្សនេះបានចោទប្រកាន់ព្រះរាមថា លួចយកឈ្មោះរាមបរមសូរមកដាក់ធ្វើជាឈ្មោះខ្លួន ដូច្នេះត្រូវតែមកក្រាបបង្គំសុំទោសទើបរួចខ្លួន ។ ព្រះរាមក៏ផ្ចាញ់រាមាសូរប្រកបដោយជោគជ័យទៀត ។
លុះមកដល់នគរ ព្រះបិតានាមទសរថមានបំណងលើកព្រះរាមជារាជបុត្រច្បងឲ្យឡើងគ្រោងរាជ្យតាមប្រពៃណីនៃត្រកូលក្សត្រ តែនាងកៃកេសីជំទាស់ដោយសំអាងលើពាក្យសច្ចៈព្រះទសរថបានសន្យាថានឹងឲ្យបុត្ររបស់ព្រះនាងឈ្មោះ ភិរុត ឡើង គ្រងរាជ្យវិញ នៅពេលដែលនាងជួយព្រះអង្គក្នុងសង្គ្រាមបានឈ្នះព្រះអាទិត្យ ។ ព្រះបាទទសរថមានបំណងចែកនគរជា២ ប៉ុន្តែព្រះកៃកេសីពុំព្រម ហើយក៏បណ្ដេញព្រះរាមឲ្យទៅនៅព្រៃ១៤ឆ្នាំសឹមមក សោយរាជ្យវិញ ។ ព្រះលក្សណ៍ក្រេវក្រោធចង់ធ្វើឃាដនាងកៃកេសី តែព្រះរាមឃាត់ ហើយបន្ទាប់មកក៏ស្ម័គ្រតាមដង្ហែព្រះរាម និងទេពីសិតាទៅនៅក្នុងព្រៃ ។ ទាំងបីអង្គានាំគ្នាចាកចេញពីនគរអយុធ្យាទៅដល់កណ្ដាលព្រៃបានជួប នឹងកូខ័ន ជាស្ដេចព្រៃមានរូបអាក្រក់តែចិត្តល្អជា ចេះជួយរំលែកទុក្ខពីព្រះរាម ហើយព្រះអង្គទុកកូខ័ននេះជាបងប្អូនបង្កើត តែមិនព្រមទទួលយកការអារាធនាពីកូខ័នឲ្យនៅទីនោះជាមួយ ហើយក៏ធ្វើដំណើរទៅកាន់ភ្នំចិត្តកូតដើម្បីបួសជាឥសី ។
ខ្សែទី២
ពេល ចេញដំណើរពីកូខ័នទៅ ព្រះរាមបានឃើញព្រៃមួយកំពុងឆេះដោយកម្ដៅព្រះអាទិត្យ ។ ពេលនោះស្លឹកឈើដែលខ្លោច ផ្កាឈើដែឆេះក្រៀមក្រំក៏ស្រាប់តែរីកស្រស់ញញឹមឡើងវិញ ចំណែកឯព្រះអាទិត្យដែលកំពុងតែបញ្ចេញកម្ដៅយ៉ាងខ្លាំងក៏ស្រាប់តែ បន្ថយកម្ដៅរបស់ខ្លួន ។ ព្រះរាម និងព្រះនាងសិតា រួមទាំងព្រះលក្សណ៍បានបន្តទៅមុខទៀត បានជួបនឹងឥសីពារទ្វឡ ហើយបានចង្អុលបង្ហាញផ្លូវទៅភ្នំចិត្តកូត ។
នៅ ជើងភ្នំនោះបរិយាកាសបានប្រែប្រួលដែលសត្វសាហាវប្រែជាសត្វស្លូត កូនខ្លារត់ទៅបៅមេប្រើស កូនប្រើសរត់ទៅបៅមេខ្លាវិញ ។ ព្រះលក្សណ៍បានទទួលភារកិច្ចសង់អាស្រមសម្រាប់ស្នាក់នៅក្នុងព្រៃ ទាំងបីអង្គារនៅទីនោះទៅ ។
ឯក្រុងអយុធ្យាឯនោះវិញ ព្រះបាទទសរថទ្រង់សោយទីវង្គត ។ ឥសីវិសិដ្ឋមហាឫស្សី ជារាជបុរោហិត បានធ្វើសារទៅយាងព្រះភិរុតចូលមកនគរជាប្រញាប់ដើម្បីធ្វើពិធីលើក សពសំស្ការ ។ នាងកៃកេសីលួចថ្លែងសារនោះថា ឲ្យព្រះរាជបុត្រត្រឡប់មកកាន់នគរដើម្បីចូលរួមរាជាអភិសេក ព្រះរាម ។ ព្រះភិរុតត្រកអរខ្លាំងក៏ធ្វើដំណើរមកកាន់នគរភ្លាម ប៉ុន្តែទ្រង់ទតឃើញព្រះនគរស្ងាត់ជ្រងំ ប្រជារាស្ត្របោះបង់មុខរបរទាំងអស់ ។ លុះទ្រង់ជ្រាបរឿងពិត ព្រះភិរុតខ្ញាល់យ៉ាងខ្លាំង ហើយមានបំណងសម្លាប់មាតាកៃកេសី ក៏ប៉ុន្តែដោយសេចក្ដីអង្វររបស់ព្រះនាង និងព្រះនាងកោសកល្យា អគ្គមហេសីព្រះបាទទសរថ និយាយលួងលោមអំពីដំណើរហេតុផ្សេងៗ និងដំណើរព្រះរាមយាងទៅនៅព្រៃ ។
បន្ទាប់ពីរៀបបូជាសពព្រះបាទទសរថហើយ ព្រះភិរុត ព្រះសុត្រុត មួយអន្លើដោយព្រះនាងជាមាតាទាំងបីអង្គ កោសកល្យា កៃកេសី និងនាងសមុទ្រ ព្រមទាំងកងទ័ពបានលើកតម្រង់ទៅសុំយាងព្រះរាមចូលមកគ្រងរាជ្យនៅ អយុធ្យាវិញ ។ ក្បួនព្រះរាជដំណើរបានមកដល់ជាយដែនព្រៃរបស់កូខ័នៗបានឃើញព្រះភិរុត នាំទ័ពមកសន្ធឹកសន្ធាប់យ៉ាងនេះ នឹកស្មានថាតាមមកសម្លាប់ព្រះរាម និងព្រះរាជទេពី ក៏ប្រុងជើងការណ៍ ចាត់កងសេនាលបឈ្លបយកព័ត៌មាន ។ បន្ទាប់ពីបានដឹងការណ៍ច្បាស់ហើយ កូខ័នក៏ជួយសម្រួលព្រះរាជដំណើរឆ្ពោះទៅដល់ភ្នំចិត្តកូតដោយ សុវត្ថិភាព ។
ក្សត្រា ក្សត្រីទាំងប្រាំអង្គបានជួបព្រះរាម ហើយសុំអង្វរព្រះរាម តែព្រះរាមបដិសេធមិនព្រម ហើយព្រះអង្គទ្រង់ប្រទានសុពណ៌បាទទុកឲ្យព្រះភិរុតនាំត្រឡប់ទៅ ក្រុងអយុធ្យាវិញ ។
ដោយ ឈ្វេងយល់ថា ព្រះអង្គគង់នៅភ្នំចិត្តកូតនេះនាំរំខានពីព្រះរាជវង្ស ព្រះអង្គក៏សម្រេចព្រះទ័យនាំមហេសី និងព្រះអនុជចូលទៅព្រៃជ្រៅឆ្ងាយទៅទៀត ។ តាមផ្លូវព្រះរាមបានជួបនឹងយក្សមួយឈ្មោះ ពិរាធ មានចិត្តកំណាចឃោរឃៅ គិតចូលមកចាប់ឆក់យកព្រះនាងសិតា ។
ខ្សែទី៣
ពិតដូច្នោះហើយ ភិរាធក៏ស្ទុះចូលទៅឆក់នាងសិតាយកទៅ ។ ព្រះលក្សណ៍ធានាខ្លួនការពារយកនាងសិតាមកវិញ ក៏ប៉ុន្តែការប្រយុទ្ធឃើញថា ទន់ដៃជាងយក្ស ។ ព្រះរាមឃើញដូច្នោះ ថ្លែងសរសម្លាប់យក្សក្នុងពេលនោះទៅហោង ។ តទៅទៀតក្សត្រីទាំងបីអង្គបានបន្តដំណើរដល់ភ្នំកណ្ឌការណ្យពន ក៏បួសជាតាបស ។ ព្រះលក្សណ៍ដឹងអនុភាពរបស់ខ្លួនបថុជនក៏សុំលាព្រះរាមទៅតាំងសិល្ប៍ រម្លឹកអាគមគាថាឡើងវិញនៅនាទៀបអាយអាស្រមគ្នា ។
ពេលនោះមានយក្ខនីយ៍មួយឈ្មោះនាងសូបនខា ត្រូវជាប្អូនយក្សក្រុងរាពណ៍បានឃើញក្សត្រទាំងពីរមានរូបឆោមលោម ពណ៌គួរឲ្យបេតី ក៏កាឡាខ្លួនជាទេពអប្សរយ៉ាងស្រស់ប្រិបម្រិយចូលទៅប្រលោមលួងលោម សុំសេចក្ដីស្នេហាពីព្រះរាម ។ តែព្រះរាមបានប្រាប់នាងឲ្យទៅសុំពីព្រះលក្សណ៍វិញ ។ ព្រះលក្សណ៍ដាច់សិល្ប៍ខ្ញាល់នឹងនាងសូបនខាមករុកគួនក៏ចាប់ផ្ដួលកោ សក់កាត់ដៃ ស្រែកបណ្ដេញចេញទៅ ។ នាងសូបនខាប្រែកាឡាជាយក្សវិញ ហើយបានស្រែកជម្ទាលឮសូររហូតដល់ក្រុងខរជាបងរបស់ នាង ។ ក្រុងខរឮហើយ ក៏ជិះសេះតម្រង់មកជួយសង្គ្រោះ ។ ដោយកំហឹងឆាបឆេះជាខ្លាំង ក្រុងខរបញ្ជាមេទ័ពម្នាក់ឈ្មោះខុនទូសណ៍នាំនាងយកទៅចូលនគរវិញ ហើយក៏លើកទ័ពចូលច្បាំងនឹងព្រះរាម ។
ក្រុងខរបានបញ្ជាឲ្យខុនទូសណ៍ចូលច្បាំងមុនគេ បន្ទាប់មកត្រីស្វិរៈ ទីបំផុតក្រុងខរខ្លួនឯងចូលទៅទៀតតែត្រូវសរព្រះរាមស្លាប់គ្មានសល់ ឡើយ ។ នាងសូបនខាឃើញបងស្លាប់អស់ក្នុងការប្រយុទ្ធដូច្នោះ ក៏ហោះសំដៅទៅក្រុងលង្កា ញុះញង់បងប្រុសគឺក្រុងរាពណ៍ ឲ្យចេញមកសងសឹក ព្រមទាំងឲ្យចាប់នាងសិតាយកមកធ្វើជាមហេសីផង ។ ក្រុងរាពណ៍កាលបើបានជ្រាបដំណឹងពីប្អូនស្រីហើយ មានចិត្តឈឺចាប់ខ្លាំងពន់ប្រមាណ ក៏ហៅមហារីកជាសេនាឲ្យកាឡាខ្លួនជាប្រើសមាសចេញមកបង្អួតយ៉ាងសង្ហាចំពោះមុខនាងសិតា ។
កាល បើឃើញប្រើសមាសភ្លាម នាងសិតាក៏បង្ខំស្វាមីឲ្យចេញទៅតាមប្រហារដើម្បីយកស្បែកទុកលម្អ នៅពេលយាងទៅគ្រប់គ្រងរាជ្យវិញ ។ ព្រះរាមចេញទៅតាមប្រើសមាស ទុកព្រះលក្សណ៍នៅចាំអាស្រមការពាររាជទេពី ។ ប្រើសមាសចេះតែរត់ទៅៗរហូតដល់ពេលរសៀលទើបព្រះរាមបាញ់ត្រូវប្រើសៗ ក៏កាឡាខ្លួនជាយក្ស ស្រែកដង្ហើយហៅព្រះលក្សណ៍ឲ្យចេញមកជួយ នាងសិតាឮហើយក៏បង្ខំព្រះលក្សណ៍ឲ្យចេញមកជួយព្រះស្វាមី ព្រះលក្សណ៍ប្រកែកព្រះនាងសិតាបង្ខំព្រះលក្សណ៍ៗទ្រាំពុំបានក៏ចាក ចេញពីអាស្រមទៅតាមព្រះរាម ។ ក្រុងរាពណ៍បានឱកាសកាឡាខ្លួនជាឥសីលួងលោមប្រលោមនាងសិតា ចុងបំផុតក៏ឆក់នាងសិតាបានហោះទៅតាមអាកាសចេញទៅ ។
ខ្សែទី៤
ពេលនោះមានសត្វគ្រុឌមួយឈ្មោះ ជតាយុ ឃើញក្រុងរាពណ៍នាំនាងសិតាហោះលើអាកាសក៏ចេញមុខមកពាំងបង្អាក់ ដំណើរក្រុងរាពណ៍ដោយគំរាមកំហែងឲ្យក្រុងរាពណ៍ដោះលែងព្រះនាងសិតាមក វិញ ។ ក្រុងរាពណ៍មិនព្រមស្ដាប់ក៏កើតមានការប្រយុទ្ធមួយយ៉ាងខ្លាំងក្លា ក្រុងរាពណ៍ឆក់ឱកាសដោះចិញ្ចៀនពីនាងសិតាចោលទៅបាក់ស្លាបជតាយុ ធ្លាក់ទៅដល់ដី ។ នាងសិតាបានផ្ដាំផ្ញើនឹងសត្វកុកឲ្យថ្វាយដំណឹងនេះដល់ព្រះរាមជា ស្វាមីផង ។ បន្ទាប់មកក្រុងរាពណ៍បាននាំនាងសិតាទៅទុកក្នុងសួនអសោកនៅ លង្កា ។ ចំណែកឯព្រះរាម និងព្រះលក្សណ៍ ក្រោយពីបាញ់ប្រើសរួច ត្រឡប់មកអាស្រមវិញរកនាងសិតាមិនឃើញ ក៏រូតដំណើរចេញតាមរកនាងសិតា ទាំងចិត្តក្ដុកក្ដួលស្រក់ជលនេត្រាអាឡោះអាល័យ ស្រីស្ងួនភ្ញារ ក៏បានទៅជួបនឹងជតាយុដែលប្រាប់ដំណឹងអំពីរាពណ៍ឆក់យកនាង សិតា ។ ដើម្បីអរគុណជតាយុ ព្រះរាមក៏អធិដ្ឋានឲ្យអាត្ម័នគេទៅកើតនៅឋានសួគ៌ ។ ព្រះរាមបានជួបនឹងសត្វកុកដែលបានយកដំណឹងពីនាងសិតាមកប្រាប់ ព្រះរាមដែរ ប៉ុន្តែព្រះលក្សណ៍បានត្មេះតិះដៀលកុកៗក៏ត្មេះតិះដៀលតមមកវិញ ប៉ុន្តែព្រះរាម ព្រះលក្សណ៍គំរាមកំហែងរករឿងប្រហារសត្វកុក ។ បន្ទាប់មកព្រះអង្គទាំងពីរបានជួបនឹងកុម្ព័ន្ធដែលមានបំណងចង់សម្លាប់ព្រះអង្គ ហើយព្រះអង្គក៏សម្លាប់យក្សក្នុងពេលនោះទៅ ។
និយាយអំពីព្រៃហេមពាន្ត មានស្ដេចក្របីមួយឈ្មោះ មហិង្សរាជ បានសម្លាប់ក្របីឈ្មោលទាំងអស់ ប្រមូលក្របីញីទាំងអស់ធ្វើជាប្រពន្ធ ។ ម្យ៉ាងទៀតមហិង្សរាជបានសម្លាប់កូនខ្លួនចោល បើមេក្របីណាកើតកូនមកឈ្មោល ។ មានមេក្របីមួយឈ្មោះ សន្តគីរី កាលបើមានគត៌ហើយក៏គេចខ្លួនពីហ្វូង ហើយប្រសូតមកបានកូនឈ្មោលមួយដាក់ឈ្មោះថា ទូភី ហើយមានបំណងរក្សាកូននោះ ហើយក៏ទូន្មានកូនឲ្យហាត់ប្រាណដើម្បីឲ្យមានកម្លាំងបរិបូណ៌មុននឹង ទៅជួបឪពុក ។ ទូភីបានប្រារព្ធតាមឱវាទម្ដាយ ក៏បានសម្រេចដូចប្រាថ្នាដោយមានកម្លាំងរហូតដល់ទៅវ័ធដើមឈើធំៗ ខ្ទេចខ្ទីអស់ ហើយក៏ទៅជួបឪពុកអង្វរឲ្យទទួលស្គាល់ខ្លួនជាកូន ។ ប៉ុន្តែមហិង្សរាជមិនយល់ព្រម ការប្រយុទ្ធក៏កើតឡើងរវាងឪពុកនិងកូន ទីបំផុតក៏ប្រហារជីវិតឪពុក ហើយបន្តបេសកកម្មឪពុកបន្តទៅ ។
តាំងពីពេលនោះមក ទូភីតែងតែដើររករឿងរាតត្បាតគេឯងដូចជារករឿងឥសីបញ្ចលិង្គ នាងទេពធីតារក្សាសមុទ្ទ ព្រៃហេមពាន្ត ព្រមទាំងទីបំផុតក៏ទៅរករឿងពាលីដែលជាស្ដេចស្វាសោយរាជ្យនៅខាស់ខិនបូរី ។ ពាលីដោយចៀសវាងការប្រយុទ្ធជាមួយនឹងទូភីមិនបានក៏ហៅសូគ្រីព ជាប្អូនមកផ្ដាំ ។ ការប្រយុទ្ធនៅខាងក្រៅ៧យប់៧ថ្ងៃមិនចាញ់ឈ្នះ ហើយនាំគ្នាទៅប្រកួតក្នុងគុហារមួយ ។ ការប្រកួតគ្នានៅក្នុងគុហារនេះ ពាលីក៏ប្រហារទូភីនឹងព្រះខ័នឈាមទូភីហូរចេញមកតាមរូងគុហារលាយ នឹងទឹកភ្លៀងដែលទេព្ដាប្រោសព្រហ្មមកនោះ សូគ្រីពដែលយាមនៅមាត់រូងច្រឡំស្មានថាឈាមបងក៏សន្ធប់ថ្មបិទរូង គុហារនោះទៅ ក៏វិលត្រឡប់ទៅក្នុងនគរវិញ ដោយនាំយកដំណឹងនេះទៅផង ។ មន្ត្រីយោធាអ្នកនគរខាស់ខិនបូរីក៏លើកសូគ្រីពឲ្យឡើងគ្រងរាជ្យស្នង ក្រុងពាលី ។
ក្រោយមក ពាលីចេញផុតពីរូង រួចពីស្លាប់ ក៏ខឹងនឹងសូគ្រីពយ៉ាងខ្លាំងក៏វាយធ្វើបាបទះតប់ក្បាលមួយដៃ សូគ្រីពរត់ចេញពីទីនោះទៅជ្រកនៅភ្នំមគង្គបព៌តដែលឋានមណ្ឌលរបស់មគង្គឥសី ។ ពាលីមិនអាចចូលទៅកាន់ទីនោះបានទេពីព្រោះត្រូវបណ្ដាសាតាឥសី ។ សូគ្រីពឈឺចិត្តយំសោកអាចម៍ភ្នែកគរជាភ្នំជិត ទឹកភ្នែកហូរជាស្ទឹង ។
ខ្សែទី៥
ការ ធ្វើដំណើរត្រាច់ចរទៅរកនាងសិតា ព្រះរាម ព្រះលក្សណ៍អស់កម្លាំងក៏ចូលទៅសម្រាកក្រោមដើមស្វាយ ។ ព្រះរាមផ្ទំនៅលើភ្លៅព្រះលក្សណ៍ ។ ពេលនោះព្រះអាទិត្យនៅនឹងថ្កល់ ម្លប់ដើមស្វាយ និងព្រៃឈើទាំងឡាយពុំមានជ្រេសោះ ។ សូគ្រីពសង្ស័យថា មានអ្នកមានបុណ្យ ក៏ប្រើហនុមានឲ្យតាមរកមើល ។ ហនុមានបានឡើងលើដើមស្វាយ គយគន់រកមើលឃើញលាយលក្ខណ៍កងចក្រ នៅនឹងព្រះហស្ថទាំងសងខាងរបស់ព្រះរាម ទើបហនុមានបើកស្លឹកស្វាយ ស្លុតីព្រះរាម ឯព្រះលក្សណ៍ខ្លាចព្រះរាមភ្ញាក់ក៏ទាញធ្នូសរបាញ់ ហនុមានចាប់សរព្រះលក្សណ៍ជាប់ ឃើញដូច្នោះព្រះលក្សណ៍ក៏ឆក់យកធ្នូសរព្រះរាមមកបាញ់ទៀត ទទួលព្រះរាមក៏ភ្ញាក់ឡើង ក៏សួររករឿងហេតុ ។ ព្រះរាមបានទតឃើញស្វានោះប្លែកពីស្វាដទៃទៀត ព្រោះមានកុណ្ឌលពាក់នៅត្រចៀក ។ ហនុមានក៏ចុះពីលើដើមស្វាយមកដោយជឿជាក់ថាជាអ្នកមានបុណ្យក៏ ថ្វាយបង្គំ ហើយបានហាមាត់បញ្ចេញរស្មីព្រះអាទិត្យ៧ពណ៌ ដែលនៅក្នុងមាត់ ក៏ថ្វាយខ្លួនសុំធ្វើជាសេនា រួចក៏និយាយពីឈ្មោះរបស់ខ្លួន និងរឿងរ៉ាវរបស់សូគ្រីពជាមាដែលឈ្លោះគ្នាជាមួយពាលីដែលជាឪពុក ធំ ។
ក្រោយមកព្រះលក្សណ៍ក៏បានចេញ ទៅរកដងទឹកថ្វាយព្រះរាម ។ សង្ស័យនឹងរសជាតិទឹកនោះប្រៃក៏ប្រើព្រះលក្សណ៍ឲ្យដើររកប្រភពទឹក នេះ ។ ព្រះលក្សណ៍ក៏សំដៅទៅកន្លែងដែលព្រះអង្គដងទឹក និងឮសូរសំឡេងយំមួយនៅនាភ្នំ ក៏យកដងធ្នូសរឆ្កិះភ្នំនោះរបើកឃើញសូគ្រីព ។ ព្រះលក្សណ៍បាននាំសូគ្រីពមកថ្វាយព្រះរាម ។ ព្រះរាមបានធានានឹងសូគ្រីពថានឹងយកនគរខាស់ខិនបូរី ព្រមទាំងព្រះនាងដារាទេពីប្រទានដល់សូគ្រីព ។ រីឯសូគ្រីពក៏ថ្វាយខ្លួនធ្វើជាសេនា និងកេណ្ឌពលស្វាជួយព្រះរាមវិញ ។ សូគ្រីពក៏នាំព្រះរាមទៅកន្លែងពាលី និងទូភីច្បាំងគ្នា ។ ព្រះរាមក៏ថ្លែងសរអគ្គី វាសឆេះខ្មោចទូភីទៅជាផេះ រួចព្រះអង្គថ្លែងសរភិរុណវាសរំលត់ភ្លើង ហើយថ្លែងសរពាយុវាសប្រមូលធាតុសេសសល់ចោលទៅក្នុងមហាសាគរ ។ បន្ទាប់មកព្រះរាមក៏យកសរព្រហ្មមាសបាញ់កម្ទេចដើមសប្តតាលដែលដុះ លើខ្នងនាគតាំងពីកំណើតផែនដីមកម៉្លេះនោះចោលទៅ ។
ព្រះរាមបានប្រើសូគ្រីពឲ្យទៅបញ្ឆោតពាលីចេញច្បាំងដើម្បីព្រះរាមបាញ់ពាលី ។ លើកទី១ ព្រះរាមបាញ់ពាលីមិនបាន ដោយខ្លាចច្រឡំពីព្រោះស្វាទាំងពីរដូចគ្នា ។ ព្រះលក្សណ៍ក៏យកកម្រងផ្កាបំពាក់ឲ្យសូគ្រីព ។ លុះច្បាំងលើកទី២ ទើបព្រះរាមលើកធ្នូសរបាញ់ពាលីបាន ក៏ប៉ុន្តែមន្តសរនោះត្រូវដល់ខ្លួនពាលីៗក៏ចាប់សរនោះជាប់ ហើយងាកទៅត្មេះតិះដៀលឲ្យព្រះរាមជាច្រើន ។ ព្រះរាមឲ្យពាលីសុំជីវិត តែពាលីសុខចិត្តស្លាប់ គ្រាន់តែផ្ដាំឲ្យព្រះរាមជួយយកអាសារអង្គត និងសូគ្រីពតែប៉ុណ្ណោះ រួចក៏លែងផ្លែសរបុកត្រូវស្លាប់ទៅ ។ រីព្រះនាងទេពីដារា ជាមហេសី យំសោកបោកខ្លួន ស្ដាយស្រណោះអាឡោះអាល័យស្វាមី លុះត្រាតែក្ដៅក្រហាយដល់ព្រះឥន្ទ្រ ក៏នាំអាត្ម័នពាលីទៅចាប់កំណើតនៅឋានសួគ៌ ។
លុះ បានសម្រេចតាមគោលបំណងហើយ សូគ្រីពកេណ្ឌទ័ពស្វាមិនបានទាន់ពេលវេលាទេ ។ ព្រះរាមក៏ប្រើព្រះលក្សណ៍ឲ្យទៅតឿនសូគ្រីពដោយគំរាមកំហែងថានឹង កម្ទេចខាស់ខិនបូរីចោល ។
ខ្សែទី៦
សូគ្រីព ភ័យក៏ហោះទៅនគរហនុមាននៅឯកន្ទលីវ័នបញ្ឆោតឲ្យហនុមានកាឡាខ្លួនជា កូនស្វាតូចប៉ុនម្រាមដៃ សូគ្រីពដាក់ហនុមាននឹងថង់សំពត់ទៅគាល់ព្រះរាម ។ មុនដំបូងព្រះរាមអស់សង្ឃឹមនៅរង់ចាំរហូតដល់កូនស្វានោះធំ ។ ហនុមានក៏សម្ដែងឫទ្ធិកាឡាខ្លួនជាមហាពានរហាមាត់ស្ងាបបញ្ចេញពន្លឺ ព្រះអាទិត្យ១២ពណ៌ ។ មិនបង្អស់ឲ្យយូរការ សូគ្រីពត្រឡប់ទៅកេណ្ឌពលស្វាថ្វាយព្រះរាម តាំងអង្គតឲ្យជាខុនពលហ្លួង ហនុមានឲ្យនៅនែបនិតនឹងព្រះរាម ព្រះលក្សណ៍ ។
កាលបើកេណ្ឌទ័ពស្វា បានច្រើនមកជួបជុំគ្នាហើយ ព្រះរាមត្រាស់បញ្ជាឲ្យសូគ្រីពជ្រើសរើសអ្នកខ្លាំងពូកែម្នាក់ទៅ ស៊ើបការនៅក្រុងលង្កា ។ សូគ្រីពបានឆ្លើយថាខ្លួនទៅលង្កាបានតែត្រឡប់មកវិញឆាប់រហ័សមិន បាន ពីព្រោះខ្លួនចាស់ហើយ ។ ខុននន្ទឆ្លើយថាទៅត្រឡប់មកវិញបាន តែខ្លាចនាងវិតាសី ជាប្អូនរាពណ៍ យាមទ្វារលង្កាហាមាត់ បបេរមាត់ក្រោមដល់បាតាល ខាងលើដល់មេឃ អ្នកណាមួយទៅលង្កាវង្វេងស្លាប់ក្នុងនោះ នាងវិតាសី ដូច្នេះមានតែហនុមានទេដែលទៅបាន ។ មុននឹងធ្វើដំណើរទៅ ហនុមានបានស្នើសុំចិញ្ចៀនទម្រង់ព្រះរាមដើម្បីឲ្យនាងសិតាជឿជាក់ ថាខ្លួនជាសេនាព្រះរាម ។
បន្ទាប់ពីបានទទួលព្រះទម្រង់ពីព្រះរាម ហនុមានហោះចេញទៅក៏បានជួបនឹងសិង្ហអសុរា ហើយក៏សម្លាប់យក្សនោះចោលទៅ ។ សប្តតានាគរាជចេញ មកជំទាស់ ហនុមានក៏ចាប់នាគនោះគ្រវាត់ចោលទៅមហាសមុទ្រ ហើយក៏ហោះទៅជ្រោះហួសលង្កាដល់អាស្រមឥសីមួយអង្គ ។ ឥសីក៏ប្រទានបាយបីពំនូត ហនុមាននឹកតូចចិត្ត កំពុងឃ្លានខ្លាចស៊ីបាយមិនឆ្អែត ប៉ុន្តែបែរជាស៊ីបាយមិនអស់ទៅវិញ ក៏មានកម្លាំងចាប់ហោះឆ្ពោះទៅលង្កាវិញ ។ ដល់កំពែងក្រៅលង្កាហើយ ក៏និម្មិតខ្លួនឲ្យតូច ធ្វើមិនឲ្យយក្សយាមទ្វារនោះដឹងក៏បោះព្រះទម្រង់ទៅលើអាកាស ក៏ហោះចូលទៅក្នុងមាត់យក្សចេញតាមរន្ធត្រចៀកមកក្រៅចាប់យក ចិញ្ចៀននោះមកវិញ ។ តមកហនុមានបានឆ្លងកាត់កំពែងដែក ជួបនឹងយក្សឈ្មោះកាមពាលី ក្មួយរាពណ៍ កំពែងសំរិទ្ធិ បានជួបនឹងយក្សមួយទៀតឈ្មោះអតិកាយ មេទ័ពរាពណ៍កំពុងរៀបពលសេនាយោធា កំពែងទង់ដែងឃើញយក្សឈ្មោះមហាកាយ កំពុងរៀបយុទ្ធភ័ណ្ឌ នៅទ្វារទិសឧត្ដរ បានឃើញឥន្ទ្រជិត ជាកូនច្បងរបស់រាពណ៍ ទិសទក្សិណ បានឃើញកុម្ភការណ៍ ទិសបស្ចិម បានឃើញសហស្សកុមារ អ្នករក្សាឧទ្យាន ។ ហនុមានចូលទៅដល់ឃ្លាំងទី១២ កន្លងកំពែងមាស ចូលទៅដល់ប្រាសាទកែវ បានជួបក្រុងទសមុខកំពុងផ្ទំជាមួយនាងមណ្ឌោលគីរី ។ ហនុមានច្រឡំស្មានថាជានាងសិតា លើកព្រះខ័នប្រុងប្រុងប្រហារទសកណ្ឌ ក៏ប៉ុន្តែដោយសង្កេតយល់ថា ជាប្រពន្ធរាពណ៍វិញទេ ហនុមានក៏ទម្លាក់ព្រះខ័នចុះ សែកទិព្វមន្តឧប្បទេសចងសក់ក្រុងរាពណ៍ជាប់នឹងនាងមណ្ឌោលគីរី ហើយសរសេរនៅលើទ្វារថា បើចង់ស្រាយចំណងរួចត្រូវឲ្យនាងមណ្ឌោគីរីវាយក្បាលក្រុងរាពណ៍បី ដង ។ ហនុមានរកនាងសិតាមិនឃើញសោះក៏ទៅលាក់ខ្លួនក្បែរពួកស្រីស្នំ ក៏ឮស្រីៗទាំងនោះនិយាយគ្នា ទើបដឹងការណ៍ទាំងអស់នោះ ។
ក្នុង រាត្រីនោះ នាងសិតាយល់សប្តឃើញព្រះរាមគង់លើដំរីសយាងចូលមកកម្ទេចកំពែងលង្កា បាក់បែកអស់ ។ នាងបានប្រាប់សុបិននេះដល់នាងសុជាតា ជាប្រពន្ធពិភេគហោរា ។
ត មកទើបហនុមានរកកន្លែងរបស់នាងសិតាឃើញ ។ ហនុមានបានចូលថ្វាយបង្គំព្រះនាងសិតា នាងពុំជឿ ។ ហនុមានក៏បានថ្វាយព្រះទម្រង់ទតជាភស្តុតាង ។ នាងសិតាបូតទម្រង់របស់នាងប្រទានទៅហនុមាន ហើយនាងផ្ដែផ្ដាំទៅព្រះស្វាមីថា នាងនៅតែស្មោះត្រង់ជានិច្ចនាងរង់ចាំដល់១០ខែ បើមិនយល់ព្រះភក្ត្រព្រះរាមទេនោះ នាងនឹងក្ស័យជីវិតនៅក្រុងលង្កានេះ ។
ក្រោយ ពីលានាងសិតាចេញមក ហនុមានក៏លោតផ្លោះបេះបំផ្លាញអស់ផ្លែឈើទាំងឡាយក្នុងឧទ្យាន ។ សេនាយក្សផ្អើល ហនុមានធាក់ពលយក្សស្លាប់ដួលគរលើគ្នា ។ ព្រះនាងសិតាចេញទៅឃាត់ក៏ពុំស្ដាប់ ។
សហកុមារ ជាកូនរាពណ៍ ចេញមកតាមចាប់ ប៉ុន្តែហនុមានទាញរារថបំបាក់ខ្ទេច រួចក៏សម្លាប់សហកុមារ និងពលយក្សអស់ជាច្រើន ។
ក្រុងរាពណ៍ ខឹងណាស់ ក៏ចាត់ឥន្ទ្រជិត និងអតិកាយឲ្យចេញទៅចាប់ទៀត អតិកាយក្រឡាខ្លួនយ់ាងធំ ប៉ុន្តែត្រូវហនុមានលោតទៅធាក់ដួលត្មោលទាំងជំហរ ។ ឥន្ទ្រជិតទ្រាំមិនបានក៏ថ្លែងសរជានាគចាប់ហនុមានបានដូច ប្រាថ្នា ។ ក្រុងរាពណ៍ប្រើឲ្យពេជ្ឈឃាដចាប់យកហនុមានទៅវាយ ក៏ប៉ុន្តែពុំស្កៀបហនុមានសោះ ។ ហនុមានប្រាប់ថា បើចង់ឲ្យខ្លួនស្លាប់ ត្រូវយកសំពត់ជ្រលក់ប្រេងមករុំជុំវិញមួយសែនជុំ រួចយកភ្លើងដុត ។ រាពណ៍ធ្វើតាមដោយរុំខ្លួនហនុមានពុំជិតសោះ រាពណ៍ខឹងណាស់ក៏ឆក់ភើចយកស្បៃរុំកាយនាងមណ្ឌោលគីរីទាំងកំហឹង បណ្ដាលឲ្យនាងមណ្ឌោលគីរីលេចកេរ្តិ៍ខ្មាសកណ្ដាលវាល ។ កំណាព្យស្មូតរបស់តាមីចក់ «ស្បៃស្ដើងប៉ើងចេញស្មា ដួងដោះនោះណាទំនេរនៅ …. ហនុមានទៀងទតមើលទៅ គួរឲ្យចាប់ចិត្តស្និទ្ធស្នេហា» ។
នៅពេលដុតនេះ ហនុមានក៏ស្ទុះហោះ ធ្វើឲ្យភ្លើងធ្លាក់មកឆេះក្រុងលង្កាខ្ទេចខ្ទីអស់ ។
ខ្សែទី៧
ព្រះរាម ព្រះលក្សណ៍គង់នៅភ្នំគន្ធមាទន៍ លុះដឹងដំណឹងអំពីសកម្មភាពដុតលង្កាឆេះខ្ទេចខ្ទីអស់ ទ្រង់ត្រេកអរណាស់បានប្រទានរង្វាន់ដល់ហនុមាន ។ ពេលនោះព្រះអង្គបានពិគ្រោះនឹងសូគ្រីពដើម្បីស្វែងរកសម្ព័ន្ធមិត្ត មកជួយព្រះអង្គថែមទៀត ។ សូគ្រីពក៏បានទូលថ្វាយថាមានស្ដេចស្វាមួយពូកែណាស់ឈ្មោះ មហាជម្ពូ សោយរាជ្យនៅហេមពាន្តដែលមានសេនា២រូបគឺ ខុននិល ខុននល ជាដៃឆ្វេងដៃស្ដាំដ៏ស័ក្តិសិទ្ធិ ។
ព្រះរាម ក៏បញ្ជាហនុមាន និងអង្គតទៅសុំចងស្ពានមេត្រីនឹងមហាជម្ពូ ។ ហនុមាន និងអ្គតបានទោដល់ក៏ថ្លែងថា ព្រះរាមទ្រង់ត្រាស់ឲ្យព្រះអង្គទៅគាល់ឥឡូវនេះ ឮដូច្នេះក៏ខឹងបញ្ជាឲ្យពេជ្ឈឃាដចាប់ចងហនុមាន និងអង្គតបញ្ចូលទ្រុងដែក ។ លុះដល់ពេលយប់ហនុមានសណ្ដំទ័ពស្វាទាំងអស់នោះ ហើយក៏កាត់សោចេញពីទ្រុង ។ ហនុមានឡើងកាច់កំពូលប្រាសាទ រួចលើកស្ទួយទាំងក្រឡាបន្ទំរបស់មហាជម្ពូនាំយកមកថ្វាយ ព្រះរាម ។
សូគ្រីពឃើញហើយក៏ចូលទៅ ទូលព្រះរាមថា មហាជម្ពូមិនងាយចុះចាញ់ទេ ទាល់តែទៅសុំកាឡាព្រះនារាយណ៍ពីព្រះឥសូរមកជំនួស ។ ព្រះលក្សណ៍ប្រើព្រះពាយទៅសុំកាឡាព្រះនារាយណ៍យកមកបានដូច បំណង ។ ក្រុងមហាជម្ពូតើនឡើងងាកមើលឆ្វេងស្ដាំទើបកើនកំហឹង ។ ប៉ុន្តែលុះឮត្រៃស័ង្ខក៏ងាកទៅឃើញព្រះនារាយណ៍ មហាជម្ពូក៏ភិតភ័យក៏ថ្វាយបង្គំសុំចាញ់ព្រះរាម ។ ព្រះរាមត្រាស់នឹងមហាជម្ពូសុំជួយសង់ស្ពានឆ្លងសមុទ្រទៅក្រុង លង្កា ។ មហាជម្ពូព្រមថ្វាយខុននិល ខុននលជាតំណាង ព្រោះខ្លួនចាស់ហើយសុំវិលទៅនគរវិញ ។
លុះ បានទ័ពជំនួយពីមហាជម្ពូហើយ ព្រះរាមបញ្ជាឲ្យសង់ស្ពានកាត់សមុទ្រ ។ ព្រះសមុទ្រខឹងក៏កេណ្ឌទ័ពមច្ឆា នាគ ជញ្ជូនយកថ្មអស់ ។ ឃើញដូច្នោះ ព្រះរាមក៏ត្រាស់ប្រជុំអស់ពលសេនាសួររកអ្នកមានថ្វីដៃ ។ សូគ្រីពធានាកាឡាខ្លួនឲ្យធំប៉ុនមហាព្រហ្ម រួចផ្ងាដៃឲ្យអស់សេនាយោធាធ្វើជាស្ពានចម្លងទៅកោះលង្កា ហនុមានអួតថាខ្លួននឹងលាកន្ទុយព័ទ្ធឆ្នេរឯនាយ ហើយយកដៃម្ខាងចាប់ឆ្នេរខាងអាយរួចឲ្យចូលជិតគ្នាដើម្បីចម្លង ទ័ព ។
អង្គតធានាថានឹងស្រូបយក ទឹកសមុទ្រឲ្យអស់ដើម្បីឲ្យទ័ពដើរកាត់ទៅស្រុកលង្កា ព្រះរាមពុំយល់ព្រមក៏លើកធ្នូសរអគ្គិវាសថ្លែងឆេះមហាសមុទ្រ ។ នាងមេខលាភិតភ័យឡើងមកសុំអង្វរព្រះរាម ធានាជួយសង់ស្ពានថ្វាយព្រះរាមឲ្យបានស្រេចដូចប្រាថ្នា ។
លុះដឹងថាព្រះរាមលើកទ័ពមកលង្កាហើយ រាពណ៍ក៏រៀបចំទ័ពដែរ ។
ខ្សែទី៨
ក្រុងរាពណ៍បានទូងស្គរប្រមូលទ័ព ហើយបញ្ជាឲ្យពិភេគទាយ អំពីវាសនានៃនគរលង្កា ពិភេគបានគន់គូរ ហើយស្នើក្រុងរាពណ៍ឲ្យយកនាងសិតាទៅថ្វាយព្រះរាមវិញ ហើយបានប្រៀបប្រដូចរាពណ៍ដែលយកនាងសិតាមកទៅនឹងក្អែកដែលពាំកែវ ពិទូរ្យសូរ្យកាន្ត ហើយកែវនោះនាំឲ្យឆេះសម្បុក ម្យ៉ាងទៀតប្រៀបទៅនឹងត្រីស៊ីនុយ ។ ក្រុងរាពណ៍ខឹងក៏វាយក្បាលពិភេគនឹងស្បែកជើង រួចបណ្ដេញចេញពីនគរ ។ ពិភេគខឹងណាស់នឹងរស់នៅក្នុងព្រះនគរតទៅទៀតខ្មាស់ព្រះញាតិអស់ពល សកលយោធា ក៏ភៀសខ្លួនរត់ទៅសុំថ្វាយខ្លួនព្រះរាម សូគ្រីព និងពលស្វាទាំងអម្បាលមាណ ឃើញហើយក៏ចាប់ពិភេគទៅថ្វាយព្រះរាម ព្រះរាមមិនទុកចិត្ត ក៏ប៉ុន្តែជម្ពូពានជាហោរាថា ពិភេគជាហោរាពូកែណាស់ គាត់មកនេះគឺដើម្បីសុំចុះចូលនឹងព្រះរាម ។ ព្រះរាមរីករាយទទួលពិភេគឲ្យនៅជាមួយ ថែមទាំងបានប្រទានរង្វាន់ជាទីគាប់ព្រះទ័យដល់ពិភេគទៀត ។ រីឯនាងមណ្ឌោលគីរី ក៏មានសុភវិនិច្ឆ័យរំលឹកស្វាមីដែរពុំគួរធ្វើទណ្ឌកម្មពិភេគបែបនេះ សោះ ហើយក៏ពុំគួរលួចយកព្រះនាងសិតាមកមិនសមសោះឡើយ ។
រាពណ៍ខឹងយ៉ាងខ្លាំងជេរប្រទេចនាងមណ្ឌោលគីរីថាទៅធ្វើប្រពន្ធពិភេគទៅទើបសម ។ រាពណ៍ប្រើរក្ខសេន ជាសេនាឲ្យនាំពលទៅចូលព្រៃដើម្បីចាប់ទ័ពស្វាបង្អត់អាហារ ព្រះរាមប្រើរុក្ខៈពានរឲ្យ នាំពលស្វា៥ម៉ឺនទៅបេះផល្លា ។ ទ័ពយក្ស និងស្វាប៉ះគ្នាក៏ច្បាំងគ្នាស្លាប់អស់រលីងសល់តែយក្សមួយរត់រួច ខ្លួនដែលនាំដំណឹងបរាជ័យទៅប្រាប់អតិកាយ ។
អតិកាយ ស្ដាប់ច្រឡំដែរ ឃើញរុក្ខរស្លាប់ស្មានថា ហនុមានក៏ទូលក្រុងរាពណ៍ៗត្រេកអរណាស់ក៏និយាយចំអកផ្ដោះផ្ដងទៅឲ្យ នាងមណ្ឌោលគីរី ។ ទសមុខបញ្ជាឲ្យលើកឆ័ត្រជ័យមង្គល បណ្ដាលឲ្យងងឹតបិទសែងសូរិយាអស់ ។ ព្រះរាមទតឃើញដូច្នេះក៏សួរទៅពិភេគហោរា ហើយក៏ទាញធ្នូសរបាញ់ត្រូវឆ័ត្របាក់ខ្ទេចខ្ទីអស់ ។
ក្រុងរាពណ៍ខឹងខ្លាំងពេកក៏សួរទៅប្រហេត ហោរាៗក៏គន់គូរថ្វាយថា ព្រះរាមមានសេនាពូកែ១៨នាក់ និងពល៧០អក្ខោភិនីៈ អក្ខោភិនី ២១៨.៧០០នាក់ និងទ័ពរថ ២១.៨៧០នាក់ បានដឹងសេចក្ដីពីប្រហេតហោរាគន់គូរថ្វាយរួចមក រាពណ៍ក៏ប្រើឧបាយបង្ខំឲ្យនាងសិតាជិះលើរាជរថបង្ហោះនាំមកក្បែរ កងទ័ពព្រះរាមដើម្បីបញ្ឈឺចិត្ត ។ ព្រះរាមថ្លែងសរបំផ្លាញរាជរថរាពណ៍បាក់ខ្ទេចខ្ទីអស់តែរាពណ៍បានហៅពិស្ណុការ មកធ្វើរាជរថឲ្យបានល្អដូចដើម ហើយនាំនាងសិតាបញ្ជិះលើរាជរថម្ដងទៀត ព្រះរាមខ្ញាល់ខ្លាំងណាស់បម្រុងយកសរព្រហ្មមាសបាញ់ ប៉ុន្តែខ្លាចអន្តរាយដល់ជីវិតនាងសិតា ។ កាលណោះពិភេគក៏ប្រាប់ការពិតដល់ព្រះរាម ទើបព្រះរាមទ្រង់ស្វែងយល់ ហើយក៏សែកមន្តអាគមគាថាចង្អុលទៅត្រូវរាពណ៍បណ្ដាលឲ្យចុកពោះដួល សន្លប់លើព្រះរាជរថទៅ ។
ព្រះរាម បានចាត់ឲ្យអង្គតនាំសារទៅក្រុងរាពណ៍ដើម្បីធ្វើសង្គ្រាម ។ លុះទៅដល់ក្រុងលង្កាក៏តាំងទាត់ទ្វាររបើកសម្លាប់ពលយក្សតាំងពី ទ្វារដែក ទ្វារសំរិទ្ធ ទង់ដែង រហូតដល់ទ្វារស្ពាន់ ហើយក៏ជួបនឹងយក្សមួយឈ្មោះ មឿង ឬយក្សាភក្ខនេសដែលខ្លបខ្លាចភៀសខ្លួនរត់ពួនយកសុខ ។
ក្រុងរាពណ៍ ឲ្យគេរៀបចំទទួលអង្គតដោយប្រុងប្រយ័ត្នជើងការជាមុន ដោយរៀបកន្លែងឲ្យអង្គុយស្មើនឹងកុម្ភការណ៍ អង្គតមិនព្រម ស្មើនឹងឥន្ទ្រជិតក៏មិនព្រមទៀត ក៏លោតរំលងផុតក្បាលឥន្ទ្រជិតទៅអង្គុយក្បែរក្រុងរាពណ៍ ហើយក៏តាំងឆ្វាយកន្ទុយអង្គុយស្មើនឹងរាពណ៍ ។
ពេល នោះទសមុខបាននិយាយរំលឹកថា អង្គតនេះត្រូវជាកូនបង្កើតរបស់នាងមណ្ឌោលគីរី និងពាលី ម្ដេចឃើញហើយមិនគោរពម្ដាយ ។ អង្គតឃើញមាតាគ្រាន់តែលើកដៃម្ខាងគោរពហើយក៏រំលឹកតបទៅវិញថា ពីដើមក្រុងរាពណ៍នេះយោលអង្រឹងថ្វាយពាលីជាឪពុកខ្លួន ។ រាពណ៍ខឹងខ្លាំងណាស់ប្រុងស្ទុះទៅទះអង្គតតែត្រូវអង្គតទះកំផ្លៀង នៅចំពោះមុខទីប្រជុំ ។
ក្រុងរាពណ៍ ខឹងខ្លាំងពេក ប្រើសេនាយក្ស៤នាក់ឲ្យដេញតាមចាប់អង្គតតែត្រូវអង្គតវ័ធដាច់ ក្បាលស្លាប់ អង្គតយកដំណឹងមកថ្វាយព្រះរាមវិញ ។ បន្ទាប់មកទៀតរាពណ៍ក៏ត្រាស់អាមាត្យឲ្យទៅហៅកុម្ភការណ៍ជាប្អូនមក ជួយធ្វើសង្គ្រាម ។ កុម្ភការណ៍និយាយរំលឹកបងអំពីរឿងហេតុដែលបណ្ដាលមកពីនាងសុបនខាទៅ ចង់ប្រុសខុសក្រឹត្យក្រម ហើយក្រុងទសមុខសោតទៀតក៏ខុសដោយល្មោភនឹងតណ្ហា លួចយកនាងសិតាតែប៉ុណ្ណោះ ។ រាពណ៍ចោទកុម្ភការណ៍ថាកំសាកខ្លាចសង្គ្រាមជាមួយសត្វស្វា បន្ទាប់មកក៏ស្លុងចិត្តតាមរាពណ៍ចូលជួយច្បាំង ។
ខ្សែទី៩
កុម្ភការណ៍ លើកទ័ពយ៉ាងច្រើនមកតាមអាកាស តាមថ្មើរជើង ច្បាំងនឹងព្រះរាមក្នុងរាត្រីនោះ ព្រះរាមគង់នៅព្រះពន្លា ហើយទតឃើញផ្កាយព្រះសុខពីររះទន្ទឹមគ្នា ចម្លែកទើបទ្រង់ត្រាស់ឲ្យពិភេគមកគន់គូរមើល ។ ពិភេគក៏ទាយថា កុម្ភការណ៍លើកទ័ពប្រុងមកវាយឆ្មក់ ។ ព្រះរាមក៏ចាត់ពិភេគឲ្យទៅនិយាយបញ្ចុះបញ្ចូលកុម្ភការណ៍ ។ ហើយព្រះរាមនឹងឲ្យរង្វាន់ព្រមទាំងបុណ្យស័ក្តិយ៉ាងធំ ។ កុម្ភការណ៍មិនគ្រាន់តែមិនព្រមចុះចូលនឹងព្រះអង្គទេថែមទាំងពោល អះអាងថា ទោះព្រះរាមមានមហិទ្ធិរិទ្ធិយ៉ាងណាក៏ដោយ ទោះជាក្រុងរាពណ៍ខុសដូចម្ដេចក៏ដោយក៏ពុំព្រមរស់នៅក្រោមការ ត្រួតត្រារបស់ព្រះរាមជាដាច់ខាត គឺសុខចិត្តស្លាប់ក្នុងការបម្រើជាតិ ។
ការ ចរចារពុំបានសម្រេច ព្រះរាមក៏ប្រើពិភេគជាមួយព្រះលក្សណ៍ព្រមទាំងពលស្វាឲ្យចូលនិយាយ ម្ដងទៀត កុម្ភការណ៍ដៀលត្មះឲ្យពិភេគយ៉ាងខ្លាំង និងដោយក្រេវក្រោធក៏យកមោង្គស័ក្តិចោលទៅត្រូវព្រះល្សណ៍ដួលត្មោល សន្លប់បាត់ស្មារតី ដំបៅចាក់ឫសដល់បាតាល ។ ព្រះរាមសោយសោកព្រោះអាណិតប្អូន ពិភេគចេញមុខធានាខ្លួនផ្សំថ្នាំ ហើយនិយាយបញ្ចុះបញ្ចូលបញ្ជោរហនុមានឲ្យទៅរកដើមថ្នាំនៅព្រៃ ហេមពាន្ត ដូចជា ដើមឫស្សីរី កេសរបូទមា សង្កណី ព្រមទាំងទឹកមូត្រគោអសភរាជ ។ ហនុមានទទួលបេសកកម្មនោះក៏ទៅប្រយុទ្ធជាមួយគោអសភរាជយកទឹកមូត្របាន មកទៀត ។ តែហនុមានមិនស្គាល់ដើមឈើផ្សេងៗដទៃទៀតក៏លើកភ្នំទាំងមូលហោះយក មកឲ្យពិភេគ ។ ប៉ុន្តែនៅខ្វះថ្មរ័តន៍មួយដុំទៀត ។ ព្រះរាមប្រើហនុមានឲ្យទៅយកថ្មនោះនៅនគរលង្កាទៀត ។ ហនុមានទៅដល់នគរលង្កាទាំងយប់ឃើញថ្មនោះស្ថិតនៅក្រោមខ្នើយ ក្រុងរាពណ៍ ហើយក៏ចូលទៅលួចយកមកបានដូចប្រាថ្នា ។ ហនុមានបានចាប់សក់ក្រុងរាពណ៍ចងជាប់នឹងសក់នាងមណ្ឌោលគីរី រួចក៏សរសេរអក្ខរាប្រាប់ថា បើរាពណ៍ចង់ស្រាយត្រូវឲ្យនាងមណ្ឌោលគីរីយកដៃឆ្វេងវាយក្បាលរាពណ៍ ទើបស្រាយរួច ។ លុះយកថ្មនោះបានមកហើយ ពេលវេលាកាន់តែខ្លីណាស់ទៅហើយ ។ បើសិនជាព្រះអាទិត្យរះឡើងផ្សំថ្នាំមិនទាន់នោះ ព្រះលក្សណ៍នឹងត្រូវស្លាប់ ។ ព្រះរាមទោះខុសឆ្គងយ៉ាងណាក៏មិនគិតហើយបញ្ជាឲ្យហនុមានទៅឃាត់ ដំណើរព្រះអាទិត្យ ។ ហនុមានដោយខ្លាចគ្រោះថ្នាក់ដល់ជីវិតព្រះលក្សណ៍ក៏វាយសេះ ព្រះអាទិត្យបាក់ព្រះរាជរថរត់ខ្ចាត់ខ្ចាយអស់ ។
ជំងឺ ព្រះលក្សណ៍បានជាសះស្បើយ ក៏ចេញច្បាំងម្ដងទៀតជាមួយកុម្ភការណ៍ ។ ព្រះលក្សណ៍បានថ្លែងសរផ្ដាច់ក្បាលកុម្ភការណ៍ស្លាប់ទៅ ក្រុងរាពណ៍ទ្រង់ពិរោធយ៉ាងខ្លាំងត្រាស់បញ្ជាឥន្ទ្រជិតដែលជាបុត្រ ចម្បងធ្លាប់ធ្វើសង្គ្រាមឈ្នះព្រះឥន្ទ្រ ហើយនាំសេនាគម្ព័ន្ធចេញទៅជាមួយផង ។
ចំណែក ព្រះរាមក៏ចេញតតាំងដោយប្រើហនុមាន ព្រះលក្សណ៍ អង្គត ចេញទៅប្រយុទ្ធ ។ ឥន្ទ្រជិតថ្លែងសរជានាគចុះមកព័ទ្ធពលសេនាស្វា និងព័ទ្ធជើងព្រះលក្សណ៍ទាំងពីរជាប់ ។ ក្រុងរាពណ៍ដឹងដំណឹងអំពីជ័យជំនះក៏ត្រេកអរយ៉ាងខ្លាំង ក៏ប្រើឲ្យគេនាំនាងសិតាមកផ្ចាញ់ផ្ចាល ។
ព្រះរាម ទ្រង់វិតក្កគ្រោះថ្នាក់នេះ ទើបទ្រង់សោយសោកម្ដងទៀត ហើយខ្ញាល់ជាខ្លាំងបម្រុងនឹងថ្លែងសរប្រល័យទេវលោកចោល ទុកតែស្ថានព្រះឥសូរមួយប៉ុណ្ណោះ ។ ទ្រង់កាច់សរជាពីរកំណាត់មួយកំណាត់ចោលទៅប្រល័យស្ថានមនុស្សលោក មួយកំណាត់ទៀតចោលទៅក្រុងអយុធ្យាដើម្បីថ្វាយដំណឹងទៅ ព្រះមាតា ។ ទេវតាទាំងឡាយនាំងគ្នាភ័យ ផ្អើលឡើងទៅគាល់ព្រះឥសូរសុំឲ្យព្រះអង្គជួយដោះគ្រោះភ័យ ។ ព្រះឥសូរប្រើព្រះព្រហ្មឲ្យទៅស្ថានសិម្ពលី គ្រុឌ មកជួយដោះដេញកម្ចាត់នាគចេញ ។ បន្ទាប់មកព្រះលក្សណ៍ និងទ័ពស្វាក៏បានរស់ជិវិតជាថ្មីទៀត ។
ខ្សែទី១០
ពេល ដឹងដំណឹងថា ព្រះលក្សណ៍រស់ឡើងវិញ ក្រុងរាពណ៍នាំអគ្គជាយាហោះទៅកាន់ភ្នំរកថ្នាំពិសដើម្បីសម្លាប់ទ័ព ព្រះរាម ។ ប៉ុន្តែពិភេគបានទស្សន៍ទាយដឹង ក៏ព្រះរាមប្រើហនុមានឲ្យវាយឆ្នាំងស្លរថ្នាំពិសនោះខ្ទេចខ្ទី អស់ ។ រាពណ៍ខឹងណាស់ក៏ប្រើឥន្ទ្រជិតចេញច្បាំងសាជាថ្មី ។ ព្រះរាមក៏ប្រើព្រះលក្សណ៍ឲ្យចេញទៅតតាំងនឹងឥន្ទ្រជិតម្ដង ទៀត ។ យក្សក៏ភៀសខ្លួនបាំងបាត់ក្នុងពពក ។ ព្រះរាមភ័យណាស់ដោយមើលទ័ពយក្សមិនឃើញ ហើយពលស្វាក៏ត្រូវយក្សកាប់សម្លាប់គរលើគ្នា ។
ព្រះអង្គ ក៏បន់ស្រន់ទេវតាសុំឲ្យជួយមើលឃើញយក្ស ។ ការបន់ស្រន់បានសម្រេចដូចបំណង ព្រះរាមក៏ថ្លែងសរព្រហ្មមាសប្រហារឥន្ទ្រជិតធ្លាក់ចុះដល់ដីស្លាប់ អាសាបង់ ។
រាពណ៍ខឹងពេកឲ្យយកនាងសិតាមកបម្រុងនឹងកាត់កប្រហារសងសឹក ។ ប៉ុន្តែអាមាត្យពិតរ័ក្ខសពន្យល់ឃាត់បាន ។ បន្ទាប់មកក៏ប្រើកូនទាំង១០ឲ្យទៅច្បាំងទៀត ហើយត្រូវស្លាប់ទាំងអស់ ។
- ហាទរ ត្រូវអង្គតសម្លាប់
- អតិកាយ ត្រូវព្រះលក្សណ៍សម្លាប់
- ត្រីសិរ កូន ទី៤
- នរាត៍ កូនទី៥ ត្រូវមហាក្របិន្ទសម្លាប់
- មហាកាល្ប កូនទី៦ ត្រូវឧសភពានរសម្លាប់
- ទូរមុខ កូនទី៧ ត្រូវកេសរសម្លាប់
- មុខរក្ខ័ស កូនទី៨ ត្រូវខុននលសម្លាប់
- កុម្ភត្រទាធរ កូនទី៩ ត្រូវខុននិលសម្លាប់
កូនស្លាប់អស់ហើយ រាពណ៍យំសោក ប្រើសេនាឈ្មោះមាសមាទឲ្យចេញទៅតនឹងស័កពលី ហើយត្រូវស្លាប់បង់ ។
អស់សង្ឃឹមក៏ប្រើខុនពល និងនាយពលជាសេនាឲ្យទៅអញ្ជើញក្រុងមូផលីម នៅឯក្រៅចក្រវាឡមកជួយច្បាំងទៀត ។
ខ្សែទី១១ ដល់ខ្សែទី៧៤
សាស្ត្រារឿងរាមកេរ្តិ៍ខ្មែរ ត្រង់វគ្គចាប់ពីខ្សែទី១១ ដល់ខ្សែទី៧៤ ត្រូវបានបាត់បង់រកពុំឃើញ និងចាប់បន្តទៅទៀតពីខ្សែទី៧៥ដល់ចប់ ។ ការបាត់បង់នេះអាចបណ្ដាលមកពីមូលហេតុ២យ៉ាងគឺ ៖ ដោយអចេតនា ដោយព្រឹត្តិការណ៍ផ្សេងៗ និងដោយចេតនា ដោយមានអ្នកបំផ្លាញ បំបិទចោលមិនឲ្យមាន ។ តាមលោកសាស្ត្រាចារ្យ កេង វ៉ាន់សាក់ នៅគ្រប់ទម្រង់នៃសិល្បៈខ្មែរ គេមានត្រណមមិនដែលសម្ដែង ឬបង្ហាញឲ្យឃើញពីវគ្គព្រះរាមច្បាំងនឹងក្រុងរាពណ៍ និងត្រង់វគ្គព្រះរាមសម្លាប់រាពណ៍ទេ ។ ប្រសិនបើគេល្មើសនឹងត្រណមនេះនឹងជួបគ្រោះថ្នាក់ និងត្រូវវិនាសជាមិនខាន ។ សូមស្ដាប់ការពន្យល់បន្ថែមរបស់សាស្ត្រាចារ្យ កេង វ៉ាន់សាក់ នៅទីនេះ ភាគ១ និង ភាគ២ ។
ខ្សែទី៧៥
សម័យថ្ងៃមួយ ព្រះរាម និងព្រះលក្សណ៍បាននាំរេរ៍ពលសេនាទាហានទៅប្រពាតព្រៃ ។ ព្រះនាងសិតាគង់នៅក្នុងប្រាសាទនៃព្រះនគរអយុធ្យា មួយអន្លើដោយស្រីស្នំក្រមការយ៉ាងសប្បាយរីករាយ ។
កាលនោះមានយក្ខីម្នាក់ឈ្មោះនាង អាតុល័យ ត្រូវាជាសាច់ញាតិរបស់ក្រុងទសមុខរាពណ៍រស់នៅក្រោមដីបានកាឡាខ្លួន ជាស្នំចូលមកនិយាយប្រលោមលួងចិត្តព្រះនាងសិតាឲ្យរៀបរាប់អំពី រូបរាងកាយក្រុងរាពណ៍ដែលនាងបានឃើញនៅក្រុងលង្កាដ៏យូរមក ហើយ ។ យក្ខីនីនោះសុំឲ្យព្រះនាងសិតាគូររូបទសមុខរាពណ៍លើក្ដារខៀន ព្រះនាងសិតាក៏យល់ព្រមតាមអង្វររបស់យក្ខីនី ហើយក៏គូររូបយក្សមុខ១០ ដៃ២០ ហុចឲ្យទៅនាងយក្សនោះមើល ។
ខណៈ នោះ ព្រះរាម និងព្រះលក្សណ៍យាងវិលចូលមកព្រះនគរវិញ ។ ព្រះនាងសិតាទ្រង់ជ្រាបមានការភិតភ័យក៏ប្រញាប់ប្រញាល់លុបរូបយក្ស ទសមុខនោះ តែលុបមិនជ្រះសោះ ក៏យកទៅញាត់លាក់ក្រោមក្រឡាបន្ទំ ។
លុះ ដល់ពេលសន្ធិយារាត្រី ព្រះរាមក៏យាងចូលទៅក្នុងក្រឡាបន្ទំក៏បែរជាក្ដៅក្រហល់ក្រហាយ បណ្ដាលទៅជាខឹងតនឹងស្រីស្នំផងទាំងឡាយ ។ ព្រះនាងសិតាឃើញដូច្នោះ ក៏ត្រាស់ប្រើភិលៀងឲ្យទៅយាងព្រះលក្សណ៍មកជួយការពារ ។ ព្រះរាមទ្រង់ត្រាស់ប្រាប់រឿងហេតុដែលបណ្ដាលឲ្យកើតឡើង ហើយក៏បញ្ជាឲ្យព្រះអនុជរើកកាយរកគ្រប់ទីកន្លែងក្នុងក្រឡាបន្ទំ ក៏ឃើញក្ដារខៀននៅក្រោមគ្រែព្រះនាងសិតាមានរូបយក្សក្រុង រាពណ៍ ។ ឃើញដូច្នោះព្រះរាមក៏ទ្រង់ខ្ញាល់ជេរប្រមាថយ៉ាងខ្លាំងនឹងព្រះនាង សិតា ហើយក៏ទ្រង់ត្រាស់បញ្ជាឲ្យព្រះលក្សណ៍យកព្រះរាជទេពីដ៏ជាទី ស្រឡាញ់យកទៅប្រហារជីវិតបង់ ។
ព្រះអនុជ មិនអាចប្រឆាំងនឹងព្រះរាជអាជ្ញានេះបាន ក៏នាំព្រះនាងសិតាចេញទៅដោយមានចិត្តអាណិតព្រះរាជទេពីដោយទ្រង់ គភ៌ផង ។ តែព្រះនាងសិតាបែរជាពោលព្រះសុវណ្ណីបញ្ជោះបន្សោកធ្វើឲ្យ ព្រះលក្សណ៍ខឹងជាខ្លាំង ។ ព្រះលក្សណ៍ក៏លើកព្រះខ័នប្រហារព្រះរាជទេពី ក៏ប៉ុន្តែព្រះខ័ននោះក៏ក្លាយទៅជាកម្រងផ្កាបំពាក់លើសុរងព្រះនាង ទៅវិញ ។ បន្ទាប់ពីភ្ញាក់ស្មារតីឡើងវិញ ព្រះលក្សណ៍ក៏ក្រាបលំឱនកាយក្រោមព្រះបាទាព្រះនាងសិតា ហើយសុំអង្វរព្រះនាងឲ្យយាងចេញទៅ ។ រីឯព្រះលក្សណ៍ក៏យាងត្រឡប់ទៅកាន់ព្រះនគរវិញ ។ លុះដល់ពាក់កណ្ដាលផ្លូវ ព្រះអង្គបានជួបនឹងសត្វជ្រាយមួយតៃសាកដែលព្រះឥន្ទ្រដំណែង ខ្លួន ។ ព្រះលក្សណ៍ឃើញហើយ ក៏ចាប់ជ្រាយនោះយកមកវះពោះយកថ្លើមទៅថ្វាយព្រះរាមៗក៏មានបន្ទូល ថា ថ្លើមនាងសិតាអាក្រក់ដល់ម្លឹង ។
ក្រោយ ពីព្រះលក្សណ៍ដោះលែងហើយ ព្រះនាងសិតាក៏យាងតែមួយអង្គឯងកាត់ព្រៃព្រឹក្សាពរពោះគ្រប់ខែ ផង ។ ព្រះឥន្ទ្រកោសីយ៍ទ្រង់ទតយល់នូវទុក្ខលំបាកនៃនាងសិតាក៏និម្មិតជាមហិង្សរាជដើរតម្រង់រកនាង សាកសួរអំពីមូលហេតុចង់ដឹងសព្វគ្រប់ទើបនាំព្រះនាងឆ្ពោះទៅកាន់អាស្រមឥសីវិជ្ជប្រិត ។ ឥសីបានជ្រាបព័ត៌មានពីព្រះនាងហើយ ក៏ជប់ឲ្យកើតជាអាស្រមសម្រាប់នាងរក្សាគភ៌បន្ទាប់មកក៏បានប្រសូត ព្រះរាជបុត្រមួយព្រះអង្គដ៏ត្រកាល ។ ព្រះនាងទង្គិះក្សឹកក្សួលរំជួលឱរានឹងវាសនាកាលពីអតីត និងបច្ចុប្បន្ននៃរាជបុត្រ ហើយដោះចិញ្ចៀនព្រះទម្រង់ចងដៃព្រះឧរស ។
ថ្ងៃ មួយ នាងសិតាចុះទៅងូតទឹកក្នុងទន្លេដាក់ព្រះរាជឧរសក្នុងអង្រឹងផ្ញើ នឹងលោកតាឥសី ។ នាងបានឃើញស្វាមួយហ្វូងឱបកូនពីមុខពីក្រោយក៏គ្នេរនឹកដល់កូន របស់អាត្មាក៏រលេះរលាំងទៅឯអាស្រម ចូលទៅលបលើកកូនពីក្នុងអង្រឹងពរយកទៅជាមួយ ។ ខណៈនោះលោកតាឥសីកំពុងធ្មេចភ្នែកភាវនាធម៌ ។ កាលបើទ្រង់បើកព្រះនេត្រឡើងស្រាប់តែពុំឃើញចៅ ភិតភ័យរន្ធត់រត់រកគ្រប់ទិសទីជុំវិញអាស្រមក៏ពុំឃើញ ។ ដើម្បីកុំឲ្យព្រះនាងសិតាព្រួយចិត្ត និងស្ដីបន្ទោស លោកតាក៏ជប់បានកូនខ្ចីមួយដាក់ក្នុងអង្រឹងជំនួស ។ លុះត្រឡប់មកពីទន្លេ នាងសិតាពរកូនជាប់នៅក្នុងដៃ ឥសីឃើញក៏បន្ទោសនាងសិតាដែលមកយកកូនទៅពុំបានប្រាប់ ។
ខ្សែទី៧៦
លោក តាឥសីវិជ្ជប្រិតបម្រុងសែកគាថារំលាយរូបកុមារដែលទើបនឹងជប់នោះ ចោលតែព្រះនាងសិតាបានអង្វរសូមឲ្យព្រះអង្គទុកឲ្យមានជីវិតគង់នៅ បន្តគ្រាន់បានជាគ្នានឹងបុត្របង្កើតនាង ។ លោកតាក៏យល់ព្រម ហើយក៏ដាក់ឈ្មោះឲ្យបុត្រនាងសិតាថា រាមលក្សណ៍ ហើយបុត្រដែលជប់ឈ្មោះ ជប្បលក្សណ៍ ។
លុះ កុមារទាំងពីរអង្គចម្រើនវ័យវឌ្ឍនាការគ្រប់ទសមាសាកាលណា លោកតាឥសីក៏បានបង្រៀនសិល្បសាស្ត្រគម្ពីវេទចេះចាំសព្វមន្តអាគម វិជ្ជាបាញ់ធ្នូសរ ទាំងពីរអង្គព្រមទាំងជប់ធ្នូសរថ្លាថ្វាយទៀត ។ ព្រះនាងសិតាទ្រង់អរនឹងបុត្រាទាំងទ្វេដែលបានចេះមន្តវិជ្ជាការ ផ្សេងៗ ។
ថ្ងៃមួយ កុមាទាំងពីរបានសូមលាមាតាទៅលេងព្រៃ ហើយបានឃើញដើមរាំងកាល្យមួយដ៏ធំមានស្លឹកបាំងព្រះអាទិត្យ ជិត ។ រាមលក្សណ៍ក៏និយាយនឹងប្អូនថា នឹងសាកល្បងបាញ់ធ្នូសរមើល ។ រាជកុមារក៏ថ្លែងសរធ្វើឲ្យដើមរាំងកាល្យនោះរលំបាក់បែកខ្ចាយលាន់ សូរស័ព្ទសន្ធឹកទៅដល់ស្ថានតុសិតសិម្ពលី រហូតដល់បាតាល ធ្វើឲ្យទេវតា គ្រុឌ នាគ យក្ស ខ្លបខ្លាចបារមី រួចក៏នាំបងប្អូនបេះផល្លាត្រឡប់មកកាន់អាស្រមវិញ ។ លោកតាឥសីទ្រង់សរសើរអំពីតេជៈរាជកុមារប្រទានពរជ័យឲ្យ រីឯព្រះនាងសិតាក៏មានចិត្តត្រេកអរសរសើរថ្វីដៃថាបុត្រមានឫទ្ធី ដូចព្រះនរាយណ៍កាឡាជាបិតា ។ រាជកុមារចាប់ពាក្យម្ដាយបានក៏ទូលទទូចសុំឲ្យព្រះមាតាប្រទានអំពី បុព្វហេតុរបស់បិតាពីអតីតកាល ។ នាងសិតាយល់ព្រមតាមក៏និទានរឿងឲ្យរាជបុត្រស្ដាប់ ។
កាលនោះ ព្រះរាមគង់នៅព្រះនគរអយុធ្យាក៏បានឮសូរស័ព្ទចម្លែកនេះដែរ ក៏ប្រជុំអស់សព្វមន្ត្រីឲ្យប្រមូលទាំងហោរាមកគន់គូរជាប្រញាប់ អំពីហេតុចម្លែកនេះ ។ ហោរាមិនបង្អង់គន់គូរឃើញថ្វាយទៅថា មានអ្នកមានបុណ្យរស់នៅក្នុងព្រៃ សូមទ្រង់តែងអក្ខរាចងនឹងកសេះហើយចាត់ហនុមានជាពញ្ជានុជិតឲ្យទៅ តាម ។ បើឃើញនរណាហ៊ានចាប់សេះនេះជិះនោះពិតជាប្រមាថព្រះជេដ្ឋាឲ្យ ហនុមានចាប់យកមកកុំបីខាន ។ ព្រះរាមទ្រង់ធ្វើតាមសម្ដីហោរា ក៏ប៉ុន្តែមុនដំបូងក៏ចាត់ឲ្យហនុមានទៅយាងព្រះភិរុត សុត្រុត គង់នៅនគរកៃកយ ឲ្យមកនគរជាប្រញាប់ត្បិតទ្រង់មានផែនការលើកទ័ពទៅបង្ក្រាប សត្រូវ ។ ព្រះអនុជទាំងទ្វេមិនបង្អង់យូរក៏ខំរូតរះមកនគរអយុធ្យាតាម តម្រាស់ព្រះរាម ។ កាលបើជួបជុំគ្នាជាក្បួនទ័ពហើយ ព្រះរាមក៏ចាត់ឲ្យសុមាន់តាន់ សុមន្ត សេនាចាប់សេះចងនូវអក្ខរាតាមបង្គាប់ហោរា រួចលែងដោយមានហនុមានលបដើរតាមពីក្រោយ ។ សេះដើរតម្រង់ចូលទៅក្នុងព្រៃដែលព្រះរាជកុមារគង់នៅ ព្រះរាមក៏ទ្រង់ប្រារព្ធលើកទ័ព និងព្រះអនុជយាងតាមពីក្រោយដែរ ។
លុះ ព្រឹកព្រាងព្រះសូរិយា រាមលក្សណ៍ និងជប្បលក្សណ៍ក៏លាមាតាចូលព្រៃដូចសព្វដង ក៏ប្រទះឃើញសេះស មុខខ្មៅ មាត់ក្រហម ក៏ពិគ្រោះគ្នាថា សេះនេះពិតជាមានម្ចាស់គេចិញ្ចឹមទើបល្អយ៉ាងនេះ ។ បងប្អូនទាំងទ្វេមិនបង្អង់ឡើយក៏នាំគ្នាបោចវល្លិធ្វើខ្សែទាក់ សេះបានដូចបំណង ។ ទ្រង់ទតឃើញអក្ខរាចងនៅអសុពាហ៍ហើយក៏ស្រាយទតដឹងថា ជាសំបុត្រព្រះរាម ក៏ប៉ុន្តែពុំមានខ្លាចចេស្ដាសោះឡើយ ។ រាមលក្សណ៍ផែលលើខ្នងភាជីតាំងជិះបំផាយលេងដោយមានជប្បលក្សណ៍ដើរតាម ក្រោយ ។
ហនុមានឃើញដូច្នោះក៏ ស្ទុះទៅចាប់រាជកុមារទាំងកំរោលក៏ត្រូវមួយដងធ្នូសរដួលសន្លប់អស់ ជាច្រើនម៉ោង ។ តែបាហនុមាន បុត្រព្រះពាយ ត្រូវខ្យល់ក៏ដឹងខ្លួនវិញ ក៏រិះគិតឧបាយកាឡាខ្លួនជាកូនស្វាព្រៃតូចមួយដើម្បីចូលលួងលេង ជាមួយរាជកុមារជាថ្មី ប្រាថ្នាចាប់កុមារទាំងពីរឲ្យបាន ។ រាមលក្សណ៍ ជប្បលក្សណ៍ ក៏បានសំណេះសំណាលនឹងកូនស្វាព្រៃដោយចិត្តអាណិតភក្ដីពន់ ពេក ។
ខ្សែទី៧៧
ហនុមាន និយាយធ្វើកិច្ចកលរាជកុមារភ្លេចខ្លួនក៏ខំប្រឹងស្ទុះទៅចាប់ម្ដង ទៀត តែត្រូវមួយធ្នូវ័ធវាយដួលត្មោលដេកដី ។ ជប្បលក្សណ៍និយាយសុំបងឲ្យបោចវល្លិចាប់ហនុមានចង ហើយបញ្ជូនទៅឲ្យម្ចាស់ ។ ហនុមានជាប់ចំណងក្រញង់ ខំរើបម្រះក៏មិនរួច ក៏ដើរទាំងខ្មួរមុខត្រឡប់ទៅកាន់កងពលសេនា ។ ព្រះភិរុត ព្រះសុត្រុត ទ្រង់យល់ដូច្នោះក៏បានសាកសួរព័ត៌មានសព្វគ្រប់ ហើយក៏ស្ទុះទៅជួយស្រាយចំណងប៉ុន្តែឥតប្រយោជន៍សោះ ។ ទ្រង់ក៏ទតឃើញអក្ខរាសាក់លើថ្ងាសហនុមានថា «ទាល់តែម្ចាស់របស់ស្វាទើបស្រាយរួច» ។ ហនុមានសែនខ្មាស់អស់ពួកពលសេនាក៏ខំដើរអន្ត្រូ ! អន្ត្រូ ! កាត់ព្រៃទៅរកព្រះរាមម្ចាស់នៅក្រុងអយុធ្យាឲ្យជួយ ។ ព្រះរាមទ្រង់ទតឃើញហនុមានជាប់ចំណងព្រមទាំងអក្ខរសាក់លើថ្ងាសផង ក៏ខឹងក្រេវក្រោធ ទន្ទាំងបាទាស្ទុះទៅស្រាយចំណងពីដៃរាជក្របីភ្លាម ។ មិនបង្អង់ឡើយបាហនុមានក្រាបពិតទូលអស់អាថ៌សេចក្ដីថ្វាយ ម្ចាស់ ។ ព្រះរាមរឹងរិតតែខឹងឆេវឆេះ ទើបត្រាស់បញ្ជាឲ្យហនុមានទៅប្រាប់ព្រះអនុជភិរុត សុត្រុត ឲ្យលើកទ័ពទៅឡោមព័ទ្ធកុមារទាំងទ្វេ យកមកថ្វាយទ្រង់ភ្លាម ។
បាហនុមាន មិនបង្អង់យូរដើរមុខទ័ពនាំទៅកាន់សមរភូមិ ក៏ជួបនឹងព្រះរាជកុមារទាំងពីរអង្គារ ។ ព្រះភិរុត ព្រះសុត្រុត ទ្រង់សាកសួរទៅក្មេងទាំងពីរតែត្រូវព្រះរាជកុមារតបវិញនូវពាក្យ ត្មះតិះដៀលមកឲ្យទ្រង់វិញ ។ ស្ដាប់បាននូវសម្ដីរបស់កុមារទាំងពីរដែលឥតញញើតកោតខ្លាច ព្រះចេស្ដាទ្រង់សោះ ទ្រង់ក៏បង្ហាញនាម និងមហិទ្ធិឫទ្ធិព្រះរាម ប៉ុន្តែត្រូវរាជកុមារស្ដាប់មិនបាន មិនខ្លបខ្លាចដដែល អត់ទ្រាំមិនបានស្ដេចទាំងពីរក៏ថ្លែងសរព្រួសពិសប្រហារកុមារទាំង ពីរ ព្រះរាជកុមារក៏ថ្លែងសរជាគ្រុឌសងវិញដេញចាប់អស់សត្វនាគសិល្ប៍ ទាំងប៉ុន្មានអស់ ។ សង្គ្រាមកំពុងតែជាប់ដៃគ្នា ហនុមានបានកាឡាខ្លួនដ៏ធំមហិមាបម្រុងលោតទៅសង្គ្រប់ចាប់ ព្រះរាជកុមារតែត្រូវនឹងដងធ្នូសន្លប់ធំជាលើកទី៣ទៀត ។ ឃើញដូច្នោះ ព្រះពិរុត ព្រះសុត្រុត ក៏ក្រោយពីខំសូត្រសែកមន្តគាថាស្រាយចំណងសិល្ប៍របស់រាមលក្សណ៍ ជប្បលក្សណ៍រួចមកថ្លែងសររបូតចំណងពីសេនាយោធាទាំងអស់ ព្រមទាំងបង្កើតឲ្យមានវាយោបក់មកត្រូវបាហនុមានឲ្យរស់ឡើងវិញ តែសរព្រះភិរុត ក៏ជ្រុលទៅបុករាមលក្សណ៍ និងជប្បលក្សណ៍ដួលលើធរណី ។ ហនុមាន និងពលសេនារត់ចូលឈូឆរទៅប្រចាប់ក៏ចាប់បានតែរាមលក្សណ៍ ឯជប្បលក្សណ៍រហ័សរត់រួចខ្លួនសំដៅទៅអាស្រមតាឥសី និងព្រះមាតា ។ កាលបើទ្រង់យល់ព្រះភ័ក្ត្ររាជកុមារហើយ ព្រះរាមក្រេវក្រោធខ្លាំងក៏ត្រាស់បង្គាប់ឲ្យគេធ្វើបាប បណ្ដើរអាក្រោសជុំវិញនគរអយុធ្យា ហើយយកទៅដាក់ក្នុងទ្រុងដែកគម្រប់៣ថ្ងៃនឹងប្រហារជីវិត ។
ព្រះនាង សិតាកាលបើបានជ្រាបអំពីរាមលក្សណ៍ត្រូវកងទ័ពចាប់ហើយ ក៏ព្រួយបារម្ភ ភ័យតក្កមា ។ លោកតាឥសី ក៏ទ្រង់ឈានញាណឃើញថា រាមលក្សណ៍ពិតជាមិនក្ស័យទេ ហើយគង់នឹងបានចម្រើនលើសលប់ក្សត្រផង ។
ជប្បលក្សណ៍ សូមខ្លួនធានាទៅតាមយកអាសារបង ។ ព្រះនាងសិតាឃាត់កូនមិនបានក៏ប្រទានព្រះទម្រង់ដល់ព្រះរាជបុត្រ ដើម្បីជាភស្តុតាង ។ ជប្បលក្សណ៍ខំស្រូតដំណើរកាត់ព្រៃទៅដល់មាត់ទ្វារនគរដោយប្រយ័ត្ន ខ្លួន ហើយឈ្លបលបស្ដាប់អ្នកនគរគេនាំគ្នានិយាយពីមាត់មួយទៅមាត់មួយថា នៅថ្ងៃស្អែកគេនឹងយកកុមាររាមលក្សណ៍ទៅប្រហារជីវិតហើយ ។ រាជកុមារបានឮហើយក៏ទ្រង់ខ្សឹកខ្សួលអួលហ្ឫទ័យពន់ប្រមាណ ។ ព្រះឥន្ទ្រក៏ទ្រង់បើកទិព្វចក្ខុយល់ហេតុការណ៍ដូច្នោះ ក៏ប្រើនាងទេពរម្ភាឲ្យចុះមកជួយយកអាសារ ។
នាង ទេពរម្ភាធិតាស្រីសួគ៌ កាឡាខ្លួនជាស្រីជំទង់តម្រង់មកជប្បលក្សណ៍ ធ្វើជាសាកសួរដឹងដើមចប់ហើយប្រាប់ថា ខ្លួននាងមករកដងទឹកទៅធ្វើបុណ្យដល់អ្នកទោស ។ រាជកុមារឆ្លៀតឱកាសនោះទៅដងទឹក ហើយក៏លបបង់ចិញ្ចៀនព្រះទម្រង់ទៅក្នុងក្អមទឹកដោយអធិដ្ឋានសូមឲ្យ បងរួចពីទុក្ខភ័យ ពេទធិតាកាឡាប្រាណនាំយកទឹកទៅដល់ទីឃុំឃាំង ហើយនិយាយសូមអ្នកយាមទ្វារចូលទៅដល់រាមលក្សណ៍ ។ នាងប្រគល់ក្អមទឹកដល់ដៃរាជកុមារក៏ងូតទឹកទៅឃើញព្រះទម្រង់របស់ មាតា ទ្រង់ឈ្វេងយល់ថាជប្បលក្សណ៍មកជួយព្រះអង្គ ។ ដោយសារតេជៈទឹកមន្តព្រះឥន្ទ្រ និងគុណព្រះទម្រង់នៃព្រះមាតា រាមលក្សណ៍ក៏រំដោះរួចពីទ្រុងដែក ហែកចេញមកជួបជប្បលក្សណ៍ដែលនៅពួនសម្ងំក្រោមដើមជ្រៃក្រៅទ្វារ នគរ ។
ខ្សែទី៧៨
ព្រះរាម បន្ទាប់ពីបានជ្រាបអាថ៌សេចក្ដីថា អ្នកទោសដែលត្រូវប្រហារជីវិតនោះត្រូវហែកទ្រុងដែកចេញរួចទៅ ក៏ទ្រង់ក្រេវក្រោធខ្លាំងណាស់ក៏ត្រាស់បញ្ជាឲ្យភ្ជុំពលមួយរំពេច ដើម្បីចេញទៅចាប់អ្នកទោសយកមកវិញឲ្យទាល់តែបាន ។ ពេលនោះព្រះរាមចេញចាកពីក្រុងអយុធ្យាដោយផ្ទាល់ព្រះអង្គ ព្រមទាំងព្រះអនុជទាំងបីអង្គ មួយអន្លើដោយពលពានរយ៉ាងគគ្រឹកគគ្រេងឆ្ពោះទៅកាន់ដងព្រៃដែន សមរភូមិក៏ជួបនឹងរាជកុមារទាំងពីរឈរយ៉ាងក្លាហានពារមុខពលស្វា ធ្វើឲ្យពលស្វាទាំងឡាយភិតភ័យស្រែកឆោឡោរត់ខ្ចាត់ខ្ចាយ ។ ព្រះភិរុតទតស្គាល់មុខរាមលក្សណ៍ដ៏មានភក្ត្រដូចជប្បលក្សណ៍ក៏ថ្លែង សរសក្តិអន្ទាក់យ៉ាងច្រើនដើម្បីចាប់ចងក្មេងទាំងពីរ ។ រាមលក្សណ៍ ជប្បលក្សណ៍ក្លាហានគ្មានតក់ស្លុតភិតភ័យអ្វីសោះ ក៏ថ្លែងតបដកព្រះខ័នកាប់អន្ទាក់ដាច់ខ្ទេចខ្ទីគ្មានសល់ ។ ព្រះរាមទតឃើញច្បាស់នឹងព្រះនេត្រក៏កើតទោសៈ ប្រមាថ ត្មះហើយថ្លែងសរជាភ្លើងឆេះរន្ទាលពេញអាកាស ។ រាជកុមារមិនបង្អង់ដៃក៏ថ្លែងសរជាព្រះភិរុណបង្ក្រាបសរព្រះរាម ត្រូវរលត់អស់ទៅវិញ ។ ព្រះរាមថ្លែងសរជាសត្វគ្រុឌម្ដងវិញ ប៉ុន្តែត្រូវខ្យល់ក្រិសផាត់របស់រាមលក្សណ៍ផាត់បាត់វិនាសទៅអស់ ទៀត ។ ពេលនោះព្រះរាមកើតសង្ស័យ និងរិទ្ធីចេស្ដារបស់កុមារណាស់ក៏សច្ចាផ្សងជាពូជពង្សអង្គអញ សូមឲ្យសរកើតជាភោជនាហារបូជាដូចប្រាថ្នា ។ រីឯកុមារថ្លែងតបវិញកើតជាឆ័ត្រភ្ញីបាំងថ្វាយព្រះរាមទៅវិញ ព្រះរាមទ្រង់កើតសង្ស័យទើបត្រាស់សម្រួលសួររកឈ្មោះមាតា បិតា របស់ព្រះរាជកុមារទាំងពីរ ។ ព្រះរាជកុមារវាយឫកក្រអឺត មិនព្រមឆ្លើយ បែរជាសួរទៅព្រះរាមវិញ ។ ដោយស្ងប់ហ្ឫទ័យ ព្រះរាមក៏សម្រួលប្រាប់អស់អាថ៌ដល់ព្រះរាជកុមារ ។ រាមលក្សណ៍ ជប្បលក្សណ៍ សញ្ជឹងគិតខ្លាចគេទៅយាយីដល់ព្រះមាតាក៏មិនព្រមទូលការណ៍ពិតដល់ ព្រះរាមវិញឡើយ គ្រាន់តែឆ្លើយតបថា នាមរបស់ខ្លួនទាំងពីរ រីឯ «ព្រះបិតា មាតា យើងខ្ញុំមិនស្គាល់ឡើយ» ។ ព្រះរាមភ្ញាក់ខ្លួនសួរទៅព្រះអនុជភ្លាមថា «នាងសិតាស្លាប់ទៅហើយម្ដេចឡើយមកមានកូន ?» ព្រះលក្សណ៍ក៏តបព្រះរាជតម្រាស់តាមការពិតដូចបានប្រព្រឹត្តកន្លងមក ថ្វាយព្រះសម្ដេចព្រះរៀម ។ ទ្រង់ជ្រាបអស់ការណ៍កន្លងទៅហើយនោះ ព្រះរាមក៏បោះអាវុធចោលស្ទុះទៅស្រវាឱបរាជកុមារទាងពីរអង្វរសុំ ឲ្យចូលទៅគង់ក្នុងនគរវិញ ។ តែព្រះរាជកុមារពុំព្រមក៏ដឹកដៃប្អូនដើរចូលទៅក្នុងព្រៃទៅ អស់ពលសេនាមួយអន្លើដោយក្សត្រទាងបួនអង្គាក៏តាមព្រះរាជកុមាររហូត ដល់អាស្រមលោកតាឥសី ។ កាលបើបានទៅដល់អាស្រមកាលណារាជកុមារទាំងពីរមិទទ្វារជិត ហើយថ្វាយការណ៍ជូនព្រះមាតាសិតាបានទ្រង់ជ្រាប ព្រះនាងរឹងរិតតែរឭកនឹកឃើញរឿងអតីតកាល ។ ព្រះរាមអង្វរព្រះនាងសិតាពីក្រៅអាស្រមឲ្យបើកទ្វារថ្វាយក៏ប៉ុន្តែ ព្រះនាងមិនព្រម ហើយសូមឲ្យលោកតាឥសីជួយអន្តរាគមន៍ទៅយាងព្រះរាមជំនួស លោកតាឥសីជួយផ្សះផ្សាណាស់ដែរតែមិនសម្រេចផល គ្រាន់តែជួបសម្តីផ្ទាល់មាត់នឹងព្រះរាមតែប៉ុណ្ណោះ ។
ខ្សែទី៧៩
ព្រះរាម ខំលួងលោមព្រះនាងសិតាឲ្យត្រឡប់ទៅកាន់អយុធ្យាដើម្បីមូលមិត្ត មេត្រីនឹងគ្នាវិញតែមិនបានសម្រេចសោះ ហើយរកមធ្យោបាយនាំព្រះរាជបុត្រាទៅវិញ ។ មុនដំបូងព្រះនាងសិតាមិនព្រមទេ ប៉ុន្តែព្រះរាមអង្វររហូតដល់ទ្រង់រំជួលព្រះហ្ឫទ័យខ្លាំងក្លាពេក ទើបនាងយល់ព្រម ហើយហៅរាមលក្សណ៍ និងជប្បលក្សណ៍ មកផ្ដែផ្ដាំទូន្មានឲ្យប្រុងប្រយ័ត្នដែលកូនឃ្លាតឆ្ងាយពីព្រះមាតា ទៅរស់នៅជាមួយឪពុក ។ ឥសីវិជ្ជប្រិតក៏មានព្រះទ័យអបអរសាទរខ្លាំងចំពោះព្រះរាជកុមារ ។ ពេលនោះ ព្រះលក្សណ៍ ព្រះភិរុត សុត្រុត ក៏បានយាងមកជួជុំគ្នា ហើយស្ទុះទៅទទួលឱបក្មួយដោយក្ដីត្រេកអរយ៉ាងស្និទ្ធស្នាល ។ ចំណែកឯហនុមាន សមន្តីន៍ មន្ត្រីព្រមទាំងពលសេនាចូលមកគាល់ត្រៀបត្រាថ្វាយបង្គំសូមទោស ស្គាល់គ្នាទៅវិញទៅមក ។
កាលមក ដល់ព្រះរាជវាំងជ័យ ក្រុងអយុធ្យា ក្សត្រទាំង៦អង្គ ក៏យាងទៅគាល់ព្រះនាងកោសកល្យា ព្រះនាងកៃកេសី និងព្រះនាងសមុទទេវី ជារាជមាតា និងជារាជអយ្យកា ។ ក្សត្រីទាំងបីអង្គសព្វរាជហ្ឫទ័យអបអរ និងទទួលព្រះរាជកុមារដែលបានវិលចូលមកដល់ព្រះរាជនគរវិញ ព្រមទាំងដឹងអំពីដំណើរសុខទុក្ខពីព្រះនាងសិតានៅអាស្រមឥសី ផង ។
ព្រះរាមបានចាត់ហនុមានឲ្យ ជ្រើសរើសក្សត្រី១៤៨នាក់ដ៏មានរូបល្អ រើសសាវឡឹក១០០០ ដ៏មានសោភ័ណថ្លៃថ្លា និងសាវឡឹកដ៏មានសក្ដា១៥០០០ ដែលមានអាយុ១០ឆ្នាំស្មើគ្នានឹងរាជកុមារឲ្យមកចាំគាល់បម្រើបាន សេចក្ដីសុខតរៀងទៅ ។
ខ្សែទី៨០
ដោយ នឹករឭកព្រះមាតាសិតារស់នៅក្នុងព្រៃជាមួយលោកតាឥសីខ្លាំងពេក ទើបរាមលក្សណ៍ ជប្បលក្សណ៍ បង្គំលាព្រះរាមជាបិតា និងអយ្យកា យាងទៅលេងនឹងព្រះមាតា កាលបើបានឱកាសល្អហើយព្រះរាមក៏ទ្រង់អនុញ្ញាតព្រមទាំងផ្ដែផ្ដាំ ឲ្យរាជបុត្រទាំងពីរជួយសម្រុះសម្រួលព្រះទ័យនាងសិតា ។
លុះ ក្បួនដំណើររបស់រាមលក្សណ៍ ជប្បលក្សណ៍ បានទៅដល់អាស្រមលោកតាឥសីហើយព្រះនាងសិតាយាងមកទទួលរាជបុត្រដោយ សោមនសន្ស ។ រាជកុមារបានជួបនឹងមាតាហើយក៏ថ្វាយបង្គំ អង្វរព្រះមាតាតាមពាក្យបណ្ដាំរបស់ព្រះរាមជាបិតា ។ ព្រះនាងសិតារំលឹកនឹកឃើញរឿងដើម ក៏រឹងរិតតែខ្ញាល់ ហើយទ្រង់មានសុវណ្ណីថា នាងនឹងវិលត្រឡប់ចូលនគរ លុះណាតែព្រះរាមចូលសុវណ្ណគត ។
ព្រះរាម កាលបើបានជ្រាបអស់អាថ៌សេចក្ដីដែលព្រះរាជកុមារនាំពាក្យពី ព្រះមាតាមកពីអាស្រមវិញនោះ ព្រះអង្គក៏ទ្រង់វតក្កសោយសោកា និងអាឡោះអាល័យស្ដាយរាជទេពីដែលមានចិត្តប្រពៃបរិសុទ្ធ ហើយកើតក្ដីឈឺចាប់ចំពោះកំហុសរបស់ព្រះអង្គទៅលើព្រះមហេសី ។ ទ្រង់ក៏ពិគ្រោះជាមួយព្រះអនុជទាំងបី មួយអន្លើដោយហនុមាន សុម័ន្ត មន្ត្រីថា នឹងធ្វើឧបាយចូលកោដិបញ្ឆោតនាងសិតាឲ្យចូលនគរ ។
ព្រះរាជ ឧបាយកលនេះបានចាត់ចែងឡើងយ៉ាងគគ្រឹកគគ្រេង ។ ព្រះនាងសិតាស្មានថាព្រះរាមចូលសុវណ្ណគតមែន ទ្រង់សោយសោកយ៉ាងខ្លាំងហើយក៏ចូលគោរពវិញ្ញាណក្ខន្ធព្រះស្វាមីនៅ ក្នុងរាជធានី ។ ព្រះនាងយំសោករៀបរាប់បោកខ្លួនជិតព្រះមេរុរហូតដល់សន្លប់បាត់ ស្មារតី ព្រះរាមគង់លាក់ខ្លួនជិតនោះក៏ស្ទុះរត់ស្រវាឱប ត្រកងក្នុងហត្ថា ភ័យខ្លាចនាងចូលទីវង្គត ។ លុះព្រះនាងភ្ញាក់ស្មារតីឡើងឃើញព្រះភ័ក្ត្រស្វាមីក៏ស្ទុះរត់ហើយ ត្មះតិះដៀលឲ្យស្វាមី ។ ព្រះរាមតាមអង្វរពុំបានដូចបំណង ក៏រត់ដេញចាប់ព្រះនាងសិតាជុំវិញមេរុ រីឯព្រះអនុជទាំងបីព្រមទាំងហនុមានក៏ជួយដេញចាប់ដែរនៅតែចាប់មិន បានដោយព្រះនាងប្រកាន់ពាក្យសត្យ និងអធិដ្ឋានអំពាវនាវរកព្រះធរណីព្រះធរណីក៏បើកទ្វារឲ្យនាងចុះទៅពួនរហូតដល់ពិភពនាគឯបាតាល រីឯស្ដេចនាគក៏ទទួលយកអាសារព្រះនាងដោយសមរម្យប្រណិតផង ។ ព្រះរាមមិនអស់ចិត្តក៏ចាត់ហនុមានឲ្យជ្រែកដីតាមរកតែមិនឃើញ ពីព្រោះតែព្រះនាងនៅតែក្ដីអស់សង្ឃឹម និងបរាជ័យ ទើបព្រះតម្រិះថាមានតែពិភេគទើបជួយព្រះអង្គបាន ក៏សរសេរអក្ខរាថ្លែងសរទៅក្រុងលង្កាមួយរំពេចនោះ ៕